នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ ដល់សិស្សជ័យលាភី ប្រឡងបាក់ឌុបបាននិទ្ទេស A ចំនួន ០៩នាក់ មកពី ៤ វិទ្យាល័យ ក្នុងខេត្តកំពង់ធំ ។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានអប់អរសាទរ និងលើកសរសើរ ក្មួយៗ សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាពរបស់ខ្លួនពិតៗ ។ ការទទួលបានលទ្ធផលជោគជ័យនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ នៅតាមវិទ្យាល័យផងដែរ ។ ឯកឧត្តម មានប្រសាសន៍ទៅកាន់យុវសិស្សជ័យលាភីថា “សូមក្មួយៗ បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់ទុននៅកម្ពុជា ដូចនេះ កម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ជំរុញការអភិវឌ្ឍប្រទេសជាតិ និងរីកចម្រើន!”
សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ទំាង ៩នាក់ ក្នុងខេត្តកំពង់ធំ រួមមានឈ្មោះ៖ ១-ប៊ុនលី ទីបោ ភេទ ប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ២-ងួន គឹមស៊ាង ភេទប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ៣-ចេង សេងថៃ ភេទប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ៤- ឆិល ស៊ីវមី ភេទស្រី មកពីវិទ្យាល័យកំពង់ធំ ៥-ឆេងគា សៀកឡេង ប្រុស មកពីវិទ្យាល័យកំពង់ធំ ៦-រស់ សុជាតា ភេទស្រី មកពីវិទ្យាល័យកំពង់ធំ ៧- សាន ស្រីមុំ ភេទស្រី មកពីវិទ្យាល័យកំពង់ធំ ៨-អឿន នីកា ភេទស្រី មកពីវិទ្យាល័យជាស៊ីមកំពង់ថ្ម ៩- ជា សុភស្ត ភេទស្រី មកពីវិទ្យាល័យកំពង់ឈើទាល ។
ចំពោះសិស្សជ័យលាភីទំាង៩នាក់នេះ ឯកឧត្តម សុខ លូ បានឧបត្ថម្ភ ម៉ូតូ ១នាក់ ១គ្រឿង និងថវិកា ២០០ដុល្លារ ។ ដោយឡែក សិស្សជាប់និទ្ទេស A ម្នាក់ឈ្មោះ សាន ស្រីមុំ ជាសិស្សមកពីវិទ្យាល័យកំពង់ធំ ដែលមកពីភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង រស់នៅក្នុងបុរីកុមារកំព្រាខេត្ត ដើម្បីបានសិក្សារៀនសូត្រ ទទួលបាននិទ្ទេស A និងពិន្ទុខ្ពស់បំផុតទូទំាងប្រទេសផ្នែកគណិតវិទ្យា ទទួលបានថវិកា ៤០០ ដុល្លារ និងបានឧបត្ថម្ភ លោកគ្រូ សួន អ៊ីម ដែលបានខិតខំបង្រៀនគណិតវិទ្យាដល់សិស្សនេះ នូវថវិកា ចំនួន ១លានរៀល ព្រមទាំងលោកនាយកសាលាទំាងបួន ទទួលបានថវិកា ១នាក់ ៤០ម៉ឺនរៀល ផងដែរ ។
តំណាងអោយយុវសិស្សជ័យលាភីទាំង៩នាក់ យុវសិស្ស ឆិល ស៊ីវមី បានថ្លែងអំណរគុណដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់រង្វាន់លើកទឹកចិត្តនេះ និងបានផ្តាំផ្ញើរដល់យុវសិស្សជំនាន់ក្រោយស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជា សិស្សល្អ កូនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ ៕