រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលខេត្តកំពង់ធំ នឹងបើកឲ្យដំណើរការនៅ២-៣ខែខាងមុខនេះ

អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលខេត្តកំពង់ធំ ដែលបាននឹងកំពុងសាងសង់អគារ ហើយគ្រោងនឹងបើកឲ្យដំណើរការក្នុងរយៈពេលពី ២ទៅ៣ខែខាងមុខនេះ ដើម្បីបំរើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលតែងតែកើតមានឡើងនាពេលកន្លងមក។ ជាមួយគ្នានេះ ខេត្តក៍នឹងបន្តគាំទ្រការបង្កើតការិយាល័យ ច្រកចេញចូលតែមួយ នៅតាមបណ្តាស្រុកទាំងអស់ក្នុងខេត្ត ជាបន្តបន្ទាប់ទៀតផងដែរ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំពិភាក្សា អំពីលទ្ធភាព នៃការពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខេត្ត និងថ្នាក់ស្រុកក្នុងខេត្តកំពង់ធំជាមួយ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ។

ក្រោយពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តម សុខ លូ បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ  អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការដ៍មានប្រសិទ្ធភាពមួយ ដែលប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ ផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា៖ ១). ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ២). ការងាររដ្ឋបាល ៣). វិស័យសុខាភិបាល ៤). វិស័យទេសចរណ៍ ៥). វិស័យសាធារណៈការ និងដឹកជញ្ជូន ៦). វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៧). វិស័យព័ត៌មាន ៨). វិស័យបរិស្ថាន ៩). វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០). វិស័យរ៉ែ និងថាមពល ១១). វិស័យពាណិជ្ជកម្ម ១២). វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣). វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង១៤). វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ជាមួយគ្នានេះឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្នុងនាមមន្ត្រីដែលទទួលបន្ទុក ក្នុងការផ្តល់សេវាទាំងនេះជូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានល្អ ជៀសវាងការយកលុយសេវាខាងក្រៅ ពីប្រជាពលរដ្ឋ  ហើយនៅពេលមិនយូរទេ ពោលគឺនៅ២ទៅ៣ខែខាងមុខនេះ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលខេត្តកំពង់ធំ នឹងបើកឲ្យដំណើរការ ដើម្បីបំរើសេវារដ្ឋបាល តាមវិស័យដូចមានរៀបរាប់ខាងលើជូនប្រជាពលរដ្ឋហើយ។

Related Post