រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មួកសុវត្ថិភាពចំនួន ១៥៦មួក បានចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃ យុទ្ធនាការពាក់មួកសុវត្ថិភាព និងដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក

មួកសុវត្ថិភាពចំនួន ១៥៦មួក បានចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃយុទ្ធនាការពាក់មួកសុវត្ថិភាព និងដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត ដែលបានប្រព្រឹត្តទៅនៅទីតាំងមុខសាលាបឋមសិក្សាថ្នល់ជាតិ រៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយ អាជ្ញាធរស្រុកបារាយណ៍ និងនគរបាលចរាចរណ៍ផ្លូវគោកស្រុកបារាយណ៍ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានប្រសាសន៍លើកឡើងថា យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង ២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។ លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ដើម្បីទទួលបានមួកសុវត្ថិភាពនេះ គឺតម្រូវឲ្យបងប្អូនឆ្លើយសំណួរអំពីច្បាប់ចរាចរណ៍ត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ គឺបានសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន។

ឯកឧត្តម ប្រាក់ សារ៉ាត មានប្រសាសន៍លើកឡើងថា មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន រួមទំាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ ក្នុងនោះឯកឧត្តមបានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

គួរកត់សម្គាល់ផងដែរថា យុទ្ធនាការថ្ងៃនេះដែល ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់សម្ភារ ដូចខាងក្រោម៖
១. មួកសុវត្ថិភាព = ១៥៦មួក
២. ខិត្តបណ្ណបទបញ្ញត្តិសំខាន់ៗនៃច្បាប់រាចរណ៍ផ្លូវគោក = ៥០០សន្លឹក
៣. ស្ទីកឃ័រចំណាំងផ្លាត ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ = ៣០០សន្លឹក ។
៤. សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង = ៣០០ក្បាល
៥. ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ = ១០សន្លឹក
៦. សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក = ១០ក្បាល
៧. ចំណាំងផ្លាត = ៥០សន្លឹក

Related Post