នៅព្រឹកថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានរៀបចំពិធីចែកគ្រាប់ពូជបន្លែ និងស្បៃបៃតង ជូនសហគមន៍ការពារធម្មជាតិជាំធ្លក និងស្ករក្រូច ៦៤២គ្រួសារ ស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខន រិទ្ធិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ទីរបរិស្ថានខេត្ត ព្រមទំាងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរអង្គភាព ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាព របស់បងប្អូនឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អ។ ឯកឧត្តម បានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូប ដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ព្រោះបើយើងមានសុខភាពល្អ នោះយើងជាមនុស្ស ដែលទ្រព្យសម្បត្តិមហាសាល តែបើសុខភាពមិនល្អហើយវាធ្វើឲ្យបាត់បង់គ្រប់យ៉ាង។
ក្នុងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ សូមឲ្យបងប្អូនទំាងអស់ ចូលរួមថែរក្សាព្រៃសហគមន៍នេះ ដើម្បីជាផលប្រយោជន៍សម្រាប់ដល់បងប្អូន ដែលទទួលផលពីអនុផលព្រៃសហគមន៍នេះ ដោយមិនត្រូវឲ្យជនណាម្នាក់ ឆ្លៀតឱកាសទាញយកផលប្រយោជន៍ផ្សេងៗ ពីព្រៃសហគមន៍ ដូចជាការកាប់ដីព្រៃនេះ ធ្វើជាកម្មសិទ្ធិឯកជន ឬលក់ទៅឲ្យឈ្មួញជាដាច់ខាត។ ទន្ទឹមនោះដែរ ឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងចំពោះអ្នកដែលជាទីស្រឡាញ់ផងដែរ។
ឯកឧត្តម សុខន រិទ្ធិគុណ មានប្រសាសន៍លើកឡើងថា ការចែកគ្រាប់ពូជបន្លែ និងស្បៃបៃតងនេះ ជាលើកទី២ សម្រាប់ប្រជាពលរដ្ឋសហគមន៍ឃុំងននេះ ដូច្នេះសូមបងប្អូនប្រជាកសិករទំាងអស់ ត្រូវទុកដាក់គ្រាប់ពូជបន្លែនេះឲ្យបានត្រឹមត្រូវ មិនត្រូវយកទៅទុកចោលនាំ ឲ្យខូចគុណភាព ឬយកទៅលក់នៅលើទីផ្សារឡើយ។ ជាមួយគ្នានោះដែរឯកឧត្តម បានជម្រុញដល់ប្រជាកសិករទំាងអស់ ត្រូវនាំធ្វើការដាំដុះគ្រាប់ពូជបន្លែនេះ ទៅតាមលក្ខណៈបច្ចេកទេសកសិកម្ម ឲ្យបានគ្រប់ៗគ្នា ព្រោះវាអាចធ្វើឲ្យជីវភាពបងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូធារច្រើនជាងមុន។
ក្នុងនោះ ១គ្រួសារទទួលបាន ១). គ្រាប់ស្ពៃក្រញាញ់ ១កំប៉ុង ២). គ្រាប់ស្ពៃខ្មៅ ២កំប៉ុង ៣). គ្រាប់ស្ពៃចង្កឹះ ២កំប៉ុង ៤). គ្រាប់សណ្តែកគួរ ២កំប៉ុង ៥). គ្រាប់ឆៃថាវ ១កំប៉ុង ៦). គ្រាប់ត្រកួន ១គីឡូក្រាម ៧) គ្រាប់ត្រសក់ ៣កញ្ចប់ និងស្បៃបៃតង ១ដុំ។ បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរទៅទស្សនាការចិញ្ចឹមសត្វ និងដំណាំរបស់ប្រជាកសិករដែលបានធ្វើការដាំដុះកន្លងមក៕