រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតំាងមួយចំនួន ដើម្បីលើកគម្រោងកែលម្អសោភ័ណភាពក្រុងស្ទឹងសែន

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យទីតំាងមួយចំនួន ដើម្បីលើកគម្រោងកែលំអរសោភ័ណភាពក្រុងស្ទឹងសែន ក្នុងពេលឆាប់ៗនេះ ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា អាជ្ញាធរខេត្ត បានលើកគម្រោងសាងសង់វិមានឯករាជ្យ នៅទល់មុខសណ្ឋាគារអរុណរះ និងសួនច្បារ ចាប់ពីស្ពានត្បូងចាម រហូតដល់ស្ពានស្ទឹងសែន គម្រោងកែលម្អសួនកុមារ ដោយធ្វើការពង្រីកចូលដីចំណីស្ទឹងចំនួន ១០ម៉ែត្រ ចាប់ពីគល់ស្ពានស្ទឹងសែន រហូតមកដល់មណ្ឌលព័ត៌មានទេសចរណ៍ និងមានការធ្វើច្រាំងស្ទឹងផងដែរ ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏បានរៀបចំទិសចរាចរណ៍លើផ្លូវមួយចំនួន ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចូលរួមចលនាទីក្រុងស្អាត ថែរក្សាសួនច្បារ អនាម័យ និងរៀបចំលម្អភ្លើងភ្ញីនៅតាមដើមឈើប្របមាត់ស្ទឹង ឲ្យបានមុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ឯកឧត្តមបន្ថែមទៀតថា ការលើកស្ទួយកែលម្អសោភ័ណភាពក្រុងស្ទឹងសែននេះ ត្រូវចូលរួមពីបងប្អូនប្រជាពលរដ្ឋទំាងអស់គ្នា ដើម្បីសោភ័ណភាពក្រុងស្ទឹងសែនឲ្យមានសម្រស់កាន់តែស្អាត ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត និងប្រែក្លាយពីខេត្តដែលមិនសូវមានភ្ញៀវទេសចរណ៍ចូលមកទស្សនា ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនា ជាពិសេសតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។

ឯកឧត្តមអភិបាលខេត្ត បានបង្ហើបឲ្យដឹងទៀតថា នៅថ្ងៃសង្ក្រានថ្មីសំបូរព្រៃគុកឆ្នាំនេះ នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនជាងឆ្នាំមុន ឲ្យបានអធឹកអធមមួយកម្រិតទៀត៕

Related Post