នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើកសន្និបាតបូកសរុបវាយតម្លៃពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា ។ អង្គសន្និបាតនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានអ្នកចូលរួមជិត៤០០នាក់ ។
ថ្លែងសន្ទរកថាស្វាគមន៍នៅក្នុងពិធីបើកសន្និបាតនេះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបានសម្រេចលទ្ធផលការងារប្រចាំឆ្នាំ២០១៧ កន្លងមក ទទួលបានជោគជ័យលើសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានលើគ្រប់វិស័យ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាដីធ្លី ជលផល ព្រៃឈើ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា វិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ឆ្នាំ២០១៧កន្លងទៅនេះ កងកម្លាំងគ្រប់ប្រភេទ ខិតខំថែរក្សាការពារសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងខិតខំប្រកបមុខរបរចិញ្ចឹមជីវិតមានជីវភាពធូរធារប្រកបដោយសុខសុវត្តិភាពនៅតាមមូលដ្ឋាន ។ ការបម្រើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់ និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹក មណ្ឌលសុខភាព សាលារៀន ពិសេសវិស័យអគ្គិសនី និងទឹកស្អាតជាដើម ។
ឯកឧត្តមបន្តទៀតថា ដោយសារឆ្នាំ២០១៨ នេះមានសេសសល់ ការងារមួយចំនួន ពីឆ្នាំ២០១៧ និងការងារថ្មីៗជាច្រើនទៀត កំពុងរង់ចាំដែលទាមទារពេលវេលាបទពិសោធន៍ភាពឆ្នៃប្រឌិត ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះ ដែលទាមទារឱ្យអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំរួមគ្នាធ្វើការវាយតម្លៃ បញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានា សម្រាប់ជាដំណោះស្រាយជាមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចបន្តឆ្នាំ២០១៨នេះ។
ក្នុងអង្គសន្និបាតនេះដែរ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ រួចមក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានចូលរួមធ្វើបទអន្តរាគមន៍ស្តីពីបទល្មើសព្រៃឈើ ជលផល ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងដែនដី បញ្ហាអគ្គិសនី ការផ្តល់សេវាសាធារណៈ បញ្ហាគ្រឿងញៀន ការងារអត្តសញ្ញាណប័ណ្ណ ការងារចរាចរណ៍ ការងារប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ការងារភូមិ-ឃុំមានសុវត្ថិភាព ដែលបានអនុវត្តការងារឆ្នាំ២០១៧កន្លងមក ជូនអង្គសន្និបាត៕