រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អង្ករ ៣២ តោន ត្រូវបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ នៅក្នុងខេត្តកំពង់ធំ

អង្ក៣២តោន ដែលជាអំណោយរបស់ប្រទេសកូរ៉េ នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាកម្មវិធីមួយដែលបង្កើតឡើងដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ បូកនិងប្រទេសចំនួន បីទៀតគឺ ១. ប្រទេសចិន, ២. ប្រទេសកូរ៉េ និង ៣. ប្រទេសជប៉ុន។

ក្នុងពិធីនៃការជួបជុំចែកនូវអង្ករជូនប្រជាពលរដ្ឋក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ នូវអង្កប្រមាណជាង ៨តោន ក្នុងចំណោមអង្កទាំង ៣២តោន ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង០៧ ក្រុងស្រុកនៅខេត្កំពង់ធំ នារសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨។ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិកាក្រសួងរុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា អង្កសរុបទាំង ៣២ តោន ក្នុងនោះស្រុកសន្ទុក មានចំនួន០៨តោន ដែលប្រគល់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ គឺជាអំណោយជួយកាត់បន្ថយនូវការលំបាកចំពោះបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិនាពេលកន្លងទៅនាឆ្នាំ២០១៧ថ្មីៗនេះ។ បើទោះបីជាការចែកជូននេះមានភាពយឺតយ៉ាវបន្តិចក៏ពិតមែន តែបានបង្ហាញនូវការយកចិត្តទុកដាក់របស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសទាំងបី នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាកសិករទូទាំងប្រទេសកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងដែរថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រកបរបរកសិកម្មប្រមាណជាង៧៥ ម៉ឺននាក់ លើស្រូវប្រាំង ស្រូវវស្សា និងដំណាំចំការ ដែលជាសក្តានុពលដ៏ធំមួយក្នុងដំណើរសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានធ្វើ ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជូនប្រជាពលរដ្ឋផងដែរ តែមិនទាន់គ្រប់គ្រាន់នៅឡើយ ដូច្នេះប្រជាកសិករ មួយចំនួននៅប្រកបរបរកសិកម្មតាមបែបបុរាណក្នុងការបង្កបង្កើនផល ដែលធ្វើឲ្យមានហានិភ័យខ្ពស់ នៃការទួលនូវបម្រែបម្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត(រដូវប្រាំតូច) និងគ្រោះទឹកជំនន់ ធ្វើទិន្និផលរបស់គាត់មានការថយចុះ។

ជាមួយគ្នានេះផងដែរលោក ចាន់ពីតាយ៉ា ស៊ីមផល្លី នាយកគ្រប់គ្រងគម្រោង ស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានលើកឡើងថា គម្រោងបង្កើតឡើងមានគោលបំណងចំនួន៦ គឺ ១. ពង្រឹងលើផលិតផលដំណាំស្រូវជាមូលដ្ឋានរបស់ប្រទេសសមាជិកកម្មវិធី, ២. ទប់ស្កាត់ការបាត់បង់ទិន្និផលក្រោយ ពេលប្រមូលផល, ៣. ទទួលយកគោលនយោបាយស្តុកអង្ករថ្នាក់ជាតិប្រកបដោយប្រសិទ្ធិភាព សម្រាប់ផ្តល់ស្បៀងសង្គ្រោះបន្ទាន់, ៤. ជម្រុញឲ្យមានស្ថេរភាពតម្លៃអង្ក, ៥. ធ្វើឲ្យប្រសើរនូវជីវជាតិ និងការទទួល ទាន ជាពិសេសក្រុមអ្នករងគ្រោះនៅក្នុងប្រទេសដែលជាសមាជិកនៃប្រទេសនីមួយៗ និង៦. បង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់កសិករដាំដំណាំជាសលក្ខណៈគ្រួសារ៕

Related Post