ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម បានព្រមានចាត់វិធានការធ្ងន់ៗ ចាប់ពីម៉ោង ០០:០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក ។ ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ពាក់ព័ន្ធការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាបន្ទាន់ កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ បន្ទាប់មកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បានចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម៉ោង 00:០០ម៉ោង គណៈបញ្ជាការឯកភាពតាមក្រុង-ស្រុក បានដាក់កម្លំាងតាមគោលដៅភ្លាមៗផងដែរ។
ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យតាមគោលដៅ ដើម្បីរឹតបណ្តឹងដល់ការអនុវត្តច្បាប់ចរាចរណ៍តាមដងផ្លូវ មានលក្ខណៈសមស្រប និងអនុវត្តបានត្រឹមត្រូវតាមអនុសាសន៍របស់សម្តេចតេជោ ឲ្យចំគោលដៅជៀសវាងការដាក់នូវប៉ុស្តិ៍អនាធិបតេយ្យ បង្កើតជាកុងត្រូលជជុះជាដើម ។ ករណីនេះឯកឧត្តមអភិបាលខេត្ត បញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ គឺចង់ឲ្យគាត់ដឹងខ្លួន និងមានការភ្ញាក់រលឹក ម្យ៉ាងវិញទៀតប្រសិនបើមានរថយន្តកែច្នៃខុសលក្ខណៈច្ចេកទេសទៀត ត្រូវធ្វើការកាត់ទ្រុងនៅនឹងកន្លែងតែម្តង ។ ឯកឧត្តមបានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅរសៀលថ្ងៃសុក្រ៩រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះអនុវត្តច្បាប់តាមដងផ្លូវ កាត់ទ្រុងរថយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងនោះទេ ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនខ្លះបើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់រួមទាំង រថយន្ត និងអ្នកបើកបរនៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យឃើញ ។
យោងតាមរបាយការណ៍របស់គណៈកម្មការក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត ចាប់ពីម៉ោង ០០:០០ម៉ោង ថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០១៨ រហូតដល់ម៉ោង ១:០០ រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារ បានឃាត់រថយន្តដើម្បីពិនិត្យលក្ខណ:បច្ចេកទេស និងវាស់វែងបានចំនួន ៥៩៩ គ្រឿង រកឃើញខុសលក្ខណៈបច្ចេកទេស ២៨គ្រឿង រថយន្តផ្ទុកទំនិញសំពីងសំពោង ២៥ គ្រឿង គ្មានបណ្ណបើកបរ ០៤គ្រឿង និងរកឃើញមានអ្នកប្រើប្រាស់គ្រឿងញៀន ០៨នាក់ ដោយបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕