រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» នៅថ្ងៃទី ១៣-១៤-១៥ ខែមេសា ខាងមុខនេះ នារសៀលថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

គួរបញ្ជាក់ថា៖ នេះជាលើកទី ៤ហើយ (២០១៥-២០១៨) ដែល រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ សង្ក្រានថ្មីសំបូរព្រៃគុក ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណៈជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសាមគ្គីភាព សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង រួមនិងសម្បត្តិបេតិកភ័ណ្ណពិភពលោក ទាំងរូបីយិ៍ និងអរូបីយិ៍របស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង៕

Related Post