លោកជំទាវ ឃួន ឃុនឌី អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន ៤៥គ្រួសារ នៅស្រុកបារាយណ៍
ខេត្តកំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំមានប្រសាសន៍ថាទីណាមានបងប្អូនជួបទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយបងប្អូនជានិច្ច។ លោកជំទាវបានមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន៤៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះ និងគ្រួសារត្រូវរន្ទះបាញ់ នៅឃុំគគីធំ, ឃុំឈូកខ្សាច់ និងឃុំជ្រលង ស្រុកបារាយណ៍ និងចូលរួមបុណ្យសព្វដោយរន្ទះបាញ់ម្នាក់ និងអ្នករងគ្រោះ ២នាក់បន្ថែមទៀត នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការខេត្ត ស្រុក ជាច្រើននាក់ផងដែរ។ លោកជំទាវបន្តរថា! នាងខ្ញុំជំនួសមុខឯកឧត្តម អភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសំបែង ដោយសារទទួលរងគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) មិនអាចដឹងទុកមុនបានទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មុននឹងសាងសង់ផ្ទះ សូមមេត្តាកប់ជើងសរសរឲ្យបានជ្រៅ ប្រសិនបើមានលទ្ធភាពអាចចាក់ក្រវ៉ាត់ព័ទ្ធជុំវិញជើងសរសរទៀតកាន់តែប្រសើរ។ លោកជំទាវបន្ថែមទៀតថា សូមបងប្អូនថែទាំសុខភាព ដោយរស់នៅស្អាត់ ហូបស្អាត និងដាំបន្លែបង្ការជុំវិញផ្ទះសម្រាប់អាហារប្រចាំថ្ងៃផងដែរ ជាពិសេស តាមផ្ទះនីមួយត្រូវតែមានបង្គន់អនាម័យ។ គួបញ្ជាក់ថា ក្នុងពីធីសំណេះសំណាលនេះ គ្រួសារទទួលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល និងគ្រួសារត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសពីរនាក់ មានចំនួន ៤៥គ្រួសារ ផ្ទះរបើកដំបូលមានចំនួន ៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, កន្ទេល១, តង់១, ឆ្នាំងដាំបាយ ២, ភួយ ១ និងសម្ភារៈ ១ឃីត និងផ្ទះរបើកដំបូល ៥០% មានចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម និងតុង ១។ ចំណែកគ្រួសារត្រូវរន្ទះស្លាប់ និងរងរបួស ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើរដល់នារីដែលស្ថិតក្នុងវ័យបន្តពូជត្រូវទៅរកសេវាសុខាភិបាលដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានបួនដងមុនសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យថាខ្លួនមានផ្ទុកមេរោគអេដស៍សូមទៅធ្វើតេស្តឈាមដើម្បីទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យនិងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន។ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នានិងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ជាពិសេសគឺកំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ទំាងអស់គ្នា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយប្រជាពលរដ្ឋជួបបញ្ហារងគ្រោះ។