រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះសម្អាតបរិស្ថានជុំវិញទីតាំងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុក

ក្រោយព្រឹត្តិការណ៍សង្រ្កាន្តរយ:ពេលបីថ្ងៃ (១៤-១៦ ខែមេសា ឆ្នាំ២០១៨) នៅតំបន់ប្រាសាទសំបូរព្រៃគុកប្រកបដោយជោគជ័យរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមគ្នាជាមួយមន្ទីរអង្គភាពនានា ប្អូនៗ ក្មួយៗ យុវជនជាច្រើននាក់ ចូលរួមសម្អាតបរិស្ថាននៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។

រមនីយដ្ឋានស្អាត មានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យកន្លែងកំសាន្តមានខ្យល់បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងធ្វើភ្ញៀវទេសចរណ៍ ចូលរួមទស្សនាមានការកើនឡើង និងគ្រប់ៗគ្នាមានផាសុខភាពទៀតផង ជាពិសេស វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរណ៍ផងដែរ។ ដើម្បីទទួលបានជោគជ័យក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីធ្វើឲ្យរមនីយដ្ឋានស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរកំសាន្តនៅតាមរមនីយដ្ឋាននានា ចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ឲ្យបានសស្រាក់សស្រាំ រាល់កាកសំណល់ ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាមដែលនៅជិត ដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពរមនីយដ្ឋាន និងសុខភាពសាធារណៈ គឺចាំបាច់ ត្រូវយកចិត្តទុកដាក់ និងផ្តើមចេញពីយើងទាំងអស់គ្នា៕

Related Post