ខេត្តកំពង់ធំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
លោក កែវ សុផល ស្នងការរង និងជាអនុលេខាធិការរដ្ឋាន ប្រឆាំងបទល្មើសគ្រឿងញៀន បានអានរបាយការណ៍លទ្ធផលគ្រឿងញៀនប្រចាំសប្តាហ៍ និងលើកពីបញ្ហាមួយចំនួនស្តីពីគ្រឿងញៀន បន្ទាប់មកឯកឧត្តម សុខ លូ មានប្រសាសន៍ថាចំពោះបញ្ហាគ្រឿងញៀន យើងបានលើកក្នុងកិច្ចប្រជុំ ស្តីពី លទ្ធផលអនុវត្តផែនការយុទ្ធធានាការប្រយុទ្ធប្រឆំាងគ្រឿងញៀន ខុសច្បាប់លើកទី១ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ កាលពីព្រឹកម៉ិញហើយដែរ រីឯបញ្ហាបទល្មើសព្រៃឈើ កន្លងមកយើងបានខិតខំ ទំាងមន្ទីរបរិស្ថាន ទំាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានខ័ណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការនេះ បានខិតខំធ្វើកិច្ចការនេះជាពិសេសកងរាជអាវុធហត្ថ ដែលបានសកម្មចូលរួមក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកដឹកនាំផ្ទាល់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើជារួមយើងឃើញថា បទល្មើសព្រៃឈើនៅខេត្តកំពង់ធំ មានការថយចុះច្រើនណាស់ ប៉ុន្តែយើងមិនធានាថា ការបំបាត់ក្នុងមួយរយៈពេលឲ្យអស់ទេ និងសូមឲ្យកម្លំាងជំនាញជួយពង្រឹងបន្តទៀត។ ឯកឧត្តមបានបន្តទៀតថា ចំពោះការនេសាទ គឺបងប្អូនប្រជាពលរដ្ឋអាចដាក់ លបឡុក លប ណ-រ៉ាវ បានប្រវែង ២០០ម៉ែត្រ និងក្រឡា ៣,៥០ហ៊ុន នៅតំបន់ទន្លេសាទបាន។ ប្រជានេសាទមានការគាំទ្រ និងត្រេតអរយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។ រីឯបញ្ហាដាក់សម្រាស់ ការពិតសិក្សាមើលទៅបញ្ហាដាក់សម្រាស់នៅខេត្តកំពង់ធំ អត់មានធំទេ បងប្អូនប្រជាពលរដ្ឋដាក់ ៤-៥ម៉ែត្រគឺអត់មានឈ្មួញដាក់សម្រាស់ជាទ្រង់ទ្រាយធំទេ គឺដោយមានសារព័ត៍មានមួយចំនួនបានបំភ្លើសថា មានការដាក់សម្រាស់ពាសពេញទន្លេសាប។ សម្រាប់ការគិតគូរវែងឆ្ងាយតទៅមុខ គឺការឲ្យប្រជាពលរដ្ឋមករស់នៅលើដីគោកវិញ ទើបអាចដោះស្រាយបញ្ហានេះបាន និងសំខាន់បំផុត គឺរកមុខសញ្ញាឈ្មួញធំៗអោយឃើញ ការបង្រ្កាបនេះ គឺមិនមែនយកពលរដ្ឋជាគោលដៅរបស់យើងទេ គឺសំដៅលើការបង្ក្រាបបទល្មើសនេសាទទៅលើឈ្មួញធំៗ ដើម្បីធ្វើយ៉ាងម៉េចឲ្យមានសល់ផលត្រីដល់ប្រជានេសាទយើងនេះឯង នេះជាបំណងធំបំផុតរបស់យុទ្ធធានាការរបស់យើង។ ឯកឧត្តមក៏បានរំលឹកដែរថាការដាក់ប៉ានណូទទឹងផ្លូវជាតិក្នុងក្រុងស្ទឹងសែន រដ្ឋបាលខេត្តនឹងធ្វើលិខិតជូនដំណឹងមួយដល់ក្រុមហ៊ុន ដើម្បីធ្វើការដកចេញពីការដាក់ទទឹងផ្លូវក្នុងពេលឆាប់ៗនេះ ។ ប្រសិនណាបើ ក្រុមហ៊ុនចង់ដាក់ប៉ានណូ ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត ថាតើគួរត្រូវដាក់យ៉ាងម៉េចដើម្បីជួយលម្អសោភ័ណ្ឌភាពក្នុងក្រុងស្ទឹងសែន។
ឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់កំលាំងប្រដាក់អាវុធទំាងបីប្រភេទ ជាពិសេសមុនយុទ្ធធានាការបោះឆ្នោតយើងត្រូវខិតខំរក្សានូវសុវត្ថិភាព សន្តិសុខ ឲ្យបាន១០០% សម្រាប់គ្រប់ការិយាល័យបោះឆ្នោត គ្រប់ទីកន្លែងទីតំាងបោះឆ្នោតទំាងអស់ ដើម្បីចៀសវាងជនអនាធិបតេយ្យ បង្កបញ្ហាមុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដែលការបោះឆ្នោតនេះជាការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានគណបក្សជាច្រើនចូលរួមផងដែរ។