រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យកងកម្លាំងទាំងអស់ ត្រៀមខ្លួនទប់ស្កាត់គ្រប់ចលនាប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យកងកម្លាំងទាំងអស់ ត្រៀមខ្លួនទប់ស្កាត់គ្រប់ចលនា ដែលប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ នៅថ្ងៃបោះឆ្នោតខាងមុខនេះ

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ត្រូវត្រៀមកម្លំាងការពាររក្សានូវសុខសុវត្ថិភាពឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតំាងការិយាល័យ បោះឆ្នោតនីមួយៗ ត្រូវតែមានកម្លំាងការពារជាប្រចាំផងដែរ ដើម្បីជៀសវាងជនអនាធិបតេយ្យបង្កបញ្ហា ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម បន្ថែមទៀតថា កន្លងមកស្ថានភាពនៅក្នុងខេត្តកំពង់ធំ មានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ សាធារណៈបានប្រសើរ ដូច្នេះសូមលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំអនុវត្តន៍នូវ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត និងប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាកក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឲ្យ អ្នកណាមួយ ឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផល នៃសង្គម ជាតិបានឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានថ្លែងក្រើនរំលឹកដល់លោកប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត នូវការប្រជុំគណៈបញ្ជាការឯកភាពនៅតាមក្រុង ស្រុក ឲ្យបានញឹកញាប់ ត្រូវគោរពវិន័យ សីលធម៌ ត្រូវមានអ្នកប្រចាំការនៅរៀងរាល់ថ្ងៃឈប់សម្រាក ដើម្បីលើកកម្ពស់ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបង្រ្កាបបទ ល្មើសនានា ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើង៕

Related Post