រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកស្រី លំ គន្ធារី ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោកជំទាវ ឃួន ឃុនឌី ត្រូវបានផ្លាស់ប្តូរភារកិច្ចទៅបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃលើកឡើងថា ការបម្រើសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ដោយភាពស្មើភាពគ្នា គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការគ្រប់រូប។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសតែងតាំង លោកស្រី លំ គន្ធារី ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោកជំទាវ ឃួន ឃុនឌី ត្រូវបានផ្លាស់ប្តូរភារកិច្ចទៅបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដោយជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ព្រមទាំងលោកមេឃុំទាំង ៨១ ឃុំ សង្កាត់ ផងដែរ។

ឯកឧត្តម ងី ច័ន្ទ្រផល ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃលើកឡើងថា ការបម្រើសេវាសាធារណៈ គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជកាគ្រប់រូប ដែលធ្វើការបងម្រើសេវាសាធារណៈជូនបងប្អូនជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនមានការរើសអើង ប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងការបំបេញនូវលិខិតស្នាមផ្សេងៗ ដែលជាសេវាតម្រូវការប្រចាំថ្ងៃ គឺត្រូវធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទន់ភ្លន់ ដែលសមស្របតាមពាក្យមួឃ្លាលើកឡើងថា “ មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរាស្ត្រទេ”។ ឯកឧត្តម បន្តថា ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវយកបញ្ហាដែលជាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដាក់បញ្ជូលក្នុងផែនការអភិវឌ្ឍន៍បីឆ្នាំរំកិលរបស់រដ្ឋបាលឃុំសង្កាត់ ដែលក្នុងនោះរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជួយគាំទ្រ គម្រោងផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រកបដោយតម្លាភាព ។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល អនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ “ត្រូវបន្តបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការបន្ថែមទៀត និងការតែងតាំងមុខតំណែងឱ្យមានតំណាងជាស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសម្លេងស្ត្រីចូលរួមយោបល់ក្នុងការសម្រេចតែងតាំង” ក្នុងនោះខេត្តកំពង់ធំ ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នរដ្ឋបាលខេត្តបានចេញដីកា តែងតាំងចំនួន ២០០ដីកា ស្មើរនឹង ៤២៣ រូប ហើយគិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខេត្តកំពង់ធំ មានមន្ត្រីរាជការស៊ីវិលសរុបក្នុងខេត្ត មានចំនួន ៧.៤៩៩នាក់ ស្រីចំនួន ៣.៣៥៤នាក់ ស្មើរ ៤៤.៧៣%។

ក្នុងឱកាសនេះដែរ លោកស្រី លំ គន្ធារី បានធ្វើការប្តេជ្ញាចិត្តដោយ ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល, គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។

Related Post