ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីតំាងពិពណ៌គ្រឿងយន្តកសិកម្ម គូបូតា នៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានអមដំណើរពីមន្ត្រីរាជការជុំវិញខេត្ត និងមានការចូលរួមដោយប្រជាកសិករយ៉ាងច្រើនកុះករ។
លោក រាជ អំបូរពុំ ប្រធានក្រុមហ៊ុនចែកចាយ គូបូតា ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន គូបូតាកម្ពុជា បានថ្លែងក្នុងពិធីនេះថា នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលកម្របានឃើញបំផុតសម្រាប់ប្រជាកសិករកម្ពុជាយើង ការតំាងពិពណ៌គ្រឿងយន្តកសិកម្ម គូបូតា ក្នុងប្រទេសកម្ពុជា មានជាលើកដំបូងនៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៤ និងទទួលបានការចូលរួមពីសំណាក់បងប្អូនប្រជាកសិករជាច្រើនកុះករនៅទីនោះផងដែរ។ ក្រុមហ៊ុនបានបន្តធ្វើកម្មវិធីពិពណ៌នេះជាបន្តបន្ទាប់ ដោយមានការដាក់បង្ហាញពីរបៀបធ្វើការរបស់គ្រឿងចក្រ និងការសាកល្បងប្រើជាក់ស្តែង មានដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនអេស្កាវាទ័រ គូបូតា ជាដើម។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីកាត់បន្ថយការចំណាយផ្សេងៗ និងបង្កើនប្រសិទ្ធភាពការងារឲ្យបានខ្ពស់ បង្កើនចំណូលដល់បងប្អូនប្រជាកសិករ ធ្វើឲ្យមានជីវភាពកាន់តែប្រសើរឡើង ។
ក្នុងការសំណេះសំណាល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា គ្រឿងយន្តកសិកម្ម គូបូតា គឺជាគ្រឿងយន្តមួយដែលពេញនិយមប្រើប្រាស់របស់បងប្អូនយើង កន្លងមកគូបូតានេះ យើងមិនដែលគិតថាមាន ម៉ាស៊ីនស្ទូង ម៉ាស៊ីនច្រូត ត្រាក់ទ័រទំនើបៗដូចបច្ចុប្បន្ននេះទេ ពេលនេះ យើងឃើញថា គូបូតា បានអភិវឌ្ឍខ្លួនរហូតដល់មានគ្រឿងយន្តសម្រាប់កសិកម្មស្ទើរតែគ្រប់ប្រភេទទាំងអស់ទៅហើយ សង្ឃឹមថាថ្ងៃក្រោយ បងប្អូនប្រជាកសិករយើង អាចមានលទ្ធភាពគ្រប់គ្នា ដើម្បីប្រើប្រាស់គ្រឿងចក្រទាំងនេះ នឹងអាចឲ្យយើងអភិវឌ្ឍឈានទៅរកកសិកម្មទំនើប ពេលនោះកសិករយើងលែងលំបាកដូចសព្វថ្ងៃនេះហើយ។ យើងមានថ្ងៃនេះ ក៏ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាំឲ្យប្រទេសរីកចម្រើនជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍ជាប់ជានិច្ច។ ក្នុងនោះដែរអន្តរជាតិក៏បានវាយតម្លៃថា ប្រសិនបើប្រទេសកម្ពុជាមានសុខសន្តិភាពក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំ ខាងមុខនេះ រក្សាស្ថេរភាពបានដូចនេះ ប្រទេសយើងក្នុងកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុងមួយឆ្នាំ នឹងក្លាយជាកូនខ្លាមួយនៅអាស៊ីអាគ្នេយ៍និងគេដែរ។
ជាចុងក្រោយ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនកសិករទំាងអស់ ធ្វើយ៉ាងម៉េចប្តេជ្ញាការពារសុខសន្តិភាពនេះឲ្យបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ។ សម្តេច មានការហត់នឿយណាស់ សម្តេចតែងតែមានប្រសាសន៍ថា កន្លែងណាសប្បាយ មិនសូវបានឃើញមុខលោកទេ តែបើកន្លែងណាមានការលំបាក សម្តេចតែងតែមានមុខជានិច្ច ដើម្បីជួបជាមួយបងប្អូន រួមសុខ រួមទុក្ខជាមួយគ្នា ។ ឯកឧត្តមក៏បានជូនពរដល់ក្រុមហ៊ុន គូបូតា ឲ្យដំណើរការបានល្អ មានការលក់ដូរល្អ កំណើនខ្ពស់ ទៅតាមកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕