ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាមួយ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្នុងកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សមកពីអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងស្រុកសន្ទុក ចំនួនប្រមាណជា ៣០០០ នាក់ ដែលសម្តែងដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះមេគុណរាជធានីភ្នំពេញ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការពទ្ធិកសិក្សាជាតិ និងព្រះសិរីកោសល សុំ សុខា អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះចៅអធិការវត្តត្នៀតសិម្ពលី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ បានថ្លែងសុន្ទរកថាស្វាគមន៍ និងសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ថា ៖ ក្នុងរយៈពេលជាង២០ឆ្នាំបន្ទាប់ពីប្រទេសទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្មះៗ របស់ សម្តេចតេជោ ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩៨ មក ប្រទេសយើងមានការជឿនលឿនយ៉ាងឆាប់រហ័ស មានសុខសន្តិភាព និងស្ថេរភាពដូចសព្វថ្ងៃ។ ចំពោះសីលធម៌ក្នុងសង្គមយើងវិញ ក៍ត្រូវបានជម្រុញលើកកម្ពស់ជាបន្តបន្ទាប់។ ជាមួយនេះ ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា គឺជាការចូលរួមមួយដ៏វិសេសថ្លៃថ្លាក្នុងកសាងធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ។ ឯកឧត្តម បានបន្ថែមថា៖ ខ្ញុំមានការត្រេកអរ និងស្វាគមន៍ឲ្យមានការអប់រំតាមបែបព្រះពុទ្ធសាសនានេះកាន់តែច្រើន ដើម្បីជួយណែនាំដល់ក្មួយៗឲ្យយល់ និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គម និងប្រទេសជាតិ ។ អ្នកសេដ្ឋកិច្ចបានវាយតម្លៃថា បើប្រទេសខ្មែរយើងអាចបន្តរក្សាសុខសន្តិភាពបានដូចសព្វថ្ងៃ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ។ ដូច្នេះហើយ សូមលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ត្រូវត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំដែលល្អ អាចបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ទៅមុខទៀត ដែលមិនមានអ្នកណាផ្សេងក្រៅពីសម្តេចតេជោ ហ៊ុន សែន នោះឡើយ។
លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក៏បានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូច្នេះសាសនាក៏មានតួនាទីជួយតម្រង់ផ្លូវមនុស្សឲ្យទៅរកសេចក្តីសុខ រួមចំណែកជួយសង្គម តាមរយៈការអប់រំតាមបែបពុទ្ធសាសនា ធ្វើយ៉ាងណាឲ្យក្លាយជាមនុស្សល្អ សិស្សល្អ ពលរដ្ឋល្អ ដែលសង្គមត្រូវការ ។
ជាកិច្ចបន្ត សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាអប់រំអំពី “ជីវិត និងការសិក្សារៀនសូត្រ” ទៅកាន់សិស្សានុសិស្ស និងអង្គពិធី ដូចតទៅ៖
“អ្នកខ្ចិល–អត់វិជ្ជា”
“អ្នកអត់វិជ្ជា–ពិបាកស្វែងរកទ្រព្យ”
“អ្នកខ្វះទ្រព្យ–ពិបាករកមិត្ត”
“អ្នកខ្វះមិត្ត–មិនមានក្តីសុខ”
“អ្នកមិនមានក្តីសុខ–គ្មានពេលធ្វើបុណ្យ”
“អ្នកគ្មានបុណ្យ–រកនិព្វាន ឬបរមសុខមិនឃើញ”
ដូច្នេះក្មួយៗ ត្រូវតែប្រឹងប្រែងរកចំណេះវិជ្ជាឲ្យបានទាំងអស់គ្នា ។
បន្ថែមលើនេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៍មានសង្ឃដីកាអប់រំអំពី “សីលធម៌ក្នុងជីវិតរស់នៅ” ដែលមានអត្ថន័យថា៖ ដើម្បីរក្សាតម្លៃបានតាមព្រះពុទ្ធសម្តែង មនុស្សយើងត្រូវសន្សំ៤ចំនុច៖ ១-អំពើល្អ សុច្ចរិត ២-ចំណេះវិជ្ជា (ទាំងផ្លូវលោក និងផ្លូវធម៌) ៣-សីលធម៌ រស់នៅប្រកបដោយសីលធម៌ និង ៤-បំពេញនូវធម្ម បំពេញនូវតួនាទីល្អ។ ជាមួយនេះផងដែរ សម្តេចព្រះសិរីកោសល សុំ សុខា ក៏បានសម្តែងអប់រំអំពី “គុណមាតាបីតា” ថែមទៀតដើម្បីឲ្យសិស្សានុសិស្ស និងអង្គពិធី បានស្តាប់ពីទុក្ខលំបាករបស់ពួកគាត់ និងត្រូវចេះគោរពស្រឡាញ់ និងដឹងគុណចំពោះមាតាបីតា។
ជាចុងក្រោយ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក៏បានជួយថវិកាដល់សិស្សានុសិស្សដែលកំព្រាឪពុកម្តាយ ផងដែរ៕