ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំ ឲ្យបានឆាប់រហ័ស និងប្រកប ដោយប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលចាប់ផ្តើមដំណើរការនៅថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានការចូលរួមថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ មន្ត្រីជួរមុខ មន្ត្រីជួរក្រោយ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបម្រើការងារនៅក្នុងអង្គភាពច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយ នាពេលនេះ គឺជាសមិទ្ធផលដែលបានបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មីបន្ថែមទៀត នៅក្នុងអាណត្តិទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ តាមរយៈការធ្វើប្រតិភូកម្មអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិ ។ ហើយយន្តការទាំងនេះ នឹងធ្វើឲ្យការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយនិងការផ្ដល់នូវជំនឿទុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលសេវា និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃការផ្ដល់សេវាសាធារណៈ ព្រមទាំងជំរុញការកៀរគរចំណូលចូលថវិកាជាតិ និងលុបបំបាត់ការយកកម្រៃសេវាលើសពីច្បាប់កំណត់ ។
ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើ ដល់ប្រធាន អនុប្រធាន និងមន្ត្រីជួរមុខ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញចូលតែមួយ ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវមានការសហការ និងសាមគ្គីភាព ឯកភាពគ្នា រវាងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យអង្គភាពដំណើរទៅបានដោយរលូន ធានាឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និងឆាប់រហ័ស មិនបង្កការកកស្ទះក្នុងការផ្ដល់សេវា ។
ជាចុងបញ្ចប់ ឯកឧត្តម សុខ លូ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្នែកសេវាដែលពាក់ព័ន្ធនឹងវិស័យការងារ ទាំង ១៣ រួមមាន វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារនិងនីត្យានុកូលកម្ម សូមមកទទួលសេវានៅក្នុងអង្គភាពច្រកចេញតែមួយខេត្ត ក្នុងនោះឯកឧត្តម ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋមកទទួលសេវាតាមរយៈយន្តការអង្គភាពច្រកចេញចូលតែមួយខេត្តវិញ ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីអង្គភាពបានបើកឲ្យដំណើរការជាផ្លូវការ៕