រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រគល់ម៉ូតូចំនួ ៨១គ្រឿង ជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង៨១ ក្នុងខេត្តកំពង់ធំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាកិត្តយស ក្នុងពិធីប្រគល់ម៉ូតូចំនួន ៨១គ្រឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ៨១ឃុំសង្កាត់ ក្នុងខេត្តកំពង់ធំ ដើម្បីជាមធ្យោបាយផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រមទាំងបាននាំយកស៊ីម៉ង់ត៍ ចំនួន ១២តោន ជូនស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីអភិវឌ្ឍក្នុងអង្គភាពឲ្យកាន់តែល្អប្រសើរថែមទៀត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ។ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់តែខិតជិតមកដល់នោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់កងកម្លំាងទាំងអស់ ជាពិសេសកងកម្លំាងស្នងការនគរបាលខេត្តកំពង់ធំ ដែលបានខិតខំចូលរួមការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកន្លងមក នឹងត្រូវខិតខំចូលរួមការពារសុខសុវត្ថិភាពនេះបន្តទៀត ឲ្យបាន ១០០% ដើម្បីដំណើរការនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានដំណើរការដោយរលូន រហូតដល់ថ្ងៃក្រោយប្រកាសលទ្ធផល និងក្រោយថ្ងៃរៀបចំរាជរដ្ឋាភិបាលថ្មី។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា កងកម្លំាងសមត្ថកិច្ច គឺឯករាជ្យចំពោះគណបក្សនយោបាយ ដោយមិនមានភាពលំអៀងលើនិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ កងកម្លំាងគឺជាសមត្ថកិច្ចជំនាញ ក្នុងការការពារស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ កន្លងមក កងកម្លំាងសមត្ថកិច្ច បានប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរ កងកម្លំាងស្នងការនគរបាលខេត្ត ក៏ដូចជាអធិការដ្ឋានក្រុងស្រុក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ និង សូមឲ្យរក្សានូវវប្បធម៌នេះបន្តទៀត។ ឯកឧត្តមបន្ថែមទៀតថា ការសាមគ្គី ឯកភាពផ្ទៃក្នុងនេះហើយ បានធ្វើឲ្យសមិទ្ធផលជាច្រើនបានកើតឡើងនៅក្នុងអង្គភាពស្នងការនគរបាលខេត្ត។ ក្នុងនោះកងកម្លំាងអធិការដ្ឋានក្រុងស្រុក ត្រូវពង្រឹងគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដែលនៅជិតប្រជាពលរដ្ឋ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ពីមួយថ្ងៃ ទៅមួយថ្ងៃឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត៕

Related Post