ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានបន្តនាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងចំនួន ៣វត្ត បន្ថែមទៀត រួមមាន វត្តស្រយ៉ូវ វត្តទួលវិហារ និងវត្តសីតធម្មោពោធិ៍មង្គល (ហៅវត្តពោធិ៍បាក់ក) ក្នុងក្រុងស្ទឹងសែន ដោយវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា១គូ អង្ករ ៣០០គីឡូក្រាម ទឹកក្រូច ៤កេះ ទឹកសុទ្ធ ៤កេះ និងថវិកាមួយចំនួន។ ដោយឡែកនៅវត្តទួលវិហារ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងលោក ឃឹង នុភាព បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិ ឧបត្ថម្ភនូវស៊ីម៉ង់ត៍ ចំនួន ១០តោន ដើម្បីជួយកសាងបរិវេណវត្តវត្តទួលវិហារ ឲ្យមានការរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីបងប្អូនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ កុំបីខាន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
បន្ទាប់មក ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ក្រុង រួមនឹងមន្ត្រីក្រោមឱវាទ ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ មួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង ៣វត្តនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា៕