ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់កងទ័ពទាំងអស់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួបរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន និងនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេស ឆ្ពោះទៅរកត្រើយសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។
ការអំពាវនាវនេះ បានធ្វើឡើងនាឱកាសឯកឧត្តមអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លំាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបាននាំយកនូវអង្ករ ចំនួន ២តោន មី ១៨កេះតូច និងទឹកសុទ្ធ ២០កេះ ជូនទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ រួមទាំងបានបង្ហាញនូវមនោសញ្ចេតនា ដ៏រួសរាយរាក់ទាក់បង្កប់នូវភាពស្និទ្ធស្នាលដល់កងកម្លំាងផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងពីគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងពលទាហ៊ានទាំងអស់ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ និងចូលរួមកសាងប្រទេសឡើងវិញពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់។
ឯកឧត្តម បញ្ជាក់ថា កងកម្លំាងសមត្ថកិច្ច គឺឯករាជ្យចំពោះគណបក្សនយោបាយ ដោយមិនមានភាពលំអៀងលើនិន្នាការនយោបាយរបស់គណបក្សណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ កងកម្លំាងគឺជាសមត្ថកិច្ចជំនាញ ក្នុងការការពារស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ កន្លងមក កងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ សូមឲ្យរក្សានូវវប្បធម៌នេះបន្តទៀត និងបានប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចរក្សានូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព ដើម្បីអនាគត់កូនចៅយើង៕