រសៀលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាពប្រចាំឆ្នាំ២០១៦ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុងស្រុក ប្រមាណជាង៤០០នាក់។ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តបានរាយការណ៍ក្នុងឆ្នាំ ២០១៦ បង្រ្កាបបទល្មើសបានចំនួន ៥៨/៧៧ ករណីនៃបទល្មើសរួម ស្មើនឹង ៧៤% និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤៧ ករណី បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ចំនួន ៦៩នាក់។
ឯកឧត្តម សុខ លូ បានលើកករណីការដាក់កុងត្រូលជជុះ និងហាមមន្ត្រីកុំឲ្យមានការពាក់ព័ន្ធ ព្រោះការអនុវត្តច្បាប់មិនស្គាល់ពីគ្នាឯង ឬគ្នាគេនោះទេ។ មន្ត្រីទាំងអស់ត្រូវធ្វើអំពើល្អ និងជាគំរូល្អ ដល់ប្រជាពលរដ្ឋ។ គ្រប់ប៉ុស្តិ៍ទាំងអស់មិនត្រូវមានល្បែងស៊ីសង មិនត្រូវថាមិនដឹងថាមានល្បែងស៊ីសង ត្រូវពង្រឹងកម្លាំង និងក្តាប់សភាពការណ៍តាមដានមុខសញ្ញាជាប្រចាំក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ គ្រប់កន្លែងជាពិសេសក្នុងពេលឃោសនាបោះឆ្នោត និងបោះឆ្នោតខាងមុខ។
ឯកឧត្តម ឡុង ផល បានលើកឡើងថាត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបានយល់ ដូចជាច្បាប់ចរាចរណ៍ គ្រឿងញៀន និងគ្រឿងស្រវឹង នៅតាមភូមិ វត្តអារ៉ាម សាលារៀន ទីប្រជុំជន ក្នុងពេលមានពិធីបុណ្យទានផ្សេងៗ។ ចំពោះការដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ ត្រូវអនុវត្តតាម និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំត្រួតពិនិត្យដើម្បីឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សាភ្ជាប់ជាមួយសហគមន៍។ ត្រូវបង្កើនការប្រមូលផ្តុំ ដឹកនាំមូលដ្ឋាន ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងខិតខំដោះស្រាយនូវរាល់សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងឲ្យបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនៈ និងវិធីសាស្រ្ដដែលធ្វើអោយសម្រេចបាននូវខ្លឹមសារនៃប្រធានបទ “ភូមិ ឃុំ មានសុវត្តិភាព” ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់មហាជន និងគ្រប់ទីកន្លែងទាំងអស់៕