ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា តម្លៃនៃសន្តិភាព ពិតជាមានតម្លៃខ្លំាងណាស់ ពុំអាចកាត់ថ្លៃបាន ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពជឿនលឿន ដែលអាចជាម្ចាស់កំណត់លើជោគវាសនាប្រទេសរបស់ខ្លួន មានសិទ្ធសេរីភាពគ្រប់គ្រាន់ ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពសង្គម។ ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងទិវាសន្តិភាពអន្តជាតិលើកទី១៦ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សរុបប្រមាណជាង ៤០០នាក់។
ឯកឧត្តម បន្តទៀតថា ទិវានេះត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្ក្រាម ជំរុញឲ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល។ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយ ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាដ៏ប្ដូរផ្ដាច់ក្នុងការថែររក្សាសន្តិភាពនេះ មកជាសកម្មភាពជាក់ស្ដែងតាមរយៈការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការយកចិត្តទុកដាក់ក្នុងការបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ការប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពគោលការណ៍ច្បាប់ដោយឥតងាករេ ព្រមទាំងលើកតម្កើងនូវសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេស ទាក់ទាញបាននូវកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុនបរទេសកាន់តែច្រើនឡើងៗ ថែមទៀតផង។
លើសពីនេះទៅទៀត ឯកឧត្តម សុខ លូ បន្តទៀតថា អាជ្ញាធរខេត្តកំពង់ធំ បានចូលរួមប្តេជ្ញា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនូវតម្លៃនៃសន្តិភាព ព្រោះឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាដ៏ប្តូរផ្តាច់នេះ គឺដោយសារតែយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ក្រោយពីបានឆ្លងកាត់សង្គ្រាមអស់ជិតបីទស្សវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញ ប្រទេសជាតិខ្ទេចខ្ទីក្លាយជាគំនរផេះផង់អស់ទៅហើយ។
ចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់កងកម្លំាងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ប្តេជ្ញាចូលរួមទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងនៅដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ក្នុងពីធីនេះក៏មានការសម្តែងនូវសិល្បៈរបស់សិល្បករ សិល្បការនី មកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំផងដែរ៕