រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគម និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់រាជរដ្ឋាភិបាលជូនដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តកំពង់ធំ និងមានការចូលរួមពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ។

ក្នុងពិធីនោះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា អតីតយុទ្ធជនយើងពិតជាទទួលបាននូវសេចក្តីសុខ និងការរីកចម្រើនបន្ថែមទៀត ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមទេសរដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងមានការសម្របសម្រួលដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការគិតគូរដល់ផលប្រយោជន៍ និងជីវភាពរស់នៅ សុខទុក្ខបងប្អូនយើង ដែលជាការឆ្លើយតបទៅនឹងសកម្មភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានឆ្លងកាត់ការលំបាកក្នុងសង្គ្រាម ក្នុងបុព្វហេតុចូលរួមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ដែលបាននាំមាតុភូមិកម្ពុជាដ៏កម្សត់ឆ្លងផុតភ្នក់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព កសាង និងអភិវឌ្ឍប្រទេសជាតិមានភាពរីកចម្រើនឆាប់រហ័ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៏ថាការចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជននាពេលនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់សម្តេចតេជា ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលបានពលីឈាមស្រស់ សាច់ស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រីធ្វើការពន្យល់ពីអត្ថប្រយោជន៏ របស់ប័ណ្ណ ប.ស.ស ដល់បងប្អូនអតីតយុទ្ធជនរួចមក ឯកឧត្តមបានលើកសរសើពីខេត្តកំពង់ធំថាជាខេត្តគំរូក្នុងការបម្រើអតីតយុទ្ធជននាពេលកន្លងមក ដូចជាការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ និងចុុះសាកសួរសុខទុក្ខជាប្រចាំ ដោយនាំយកអំណោយផ្សេងៗ ទៅចែកជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតផងដែរ។

សូមបញ្ជាក់ផងដែរថា ប័ណ្ណ ប.ស.ស ដែលត្រូវចែកជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំមានចំនួនសរុប ២,២០៥ ប័ណ្ណសម្រាប់អតីតយុទ្ធជន ជាជនពិការ សោធននិវត្តន៍ និងបាតបង់សមត្ថភាពការងារ៕

Related Post