រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

ពិធីបើកការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ប្រតិភូរក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានមកធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្ត ក្នុងទឹកដីខេត្តកំពង់ធំ។ ពិតណាស់កន្លងមក ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនា ដោយកំហុសបច្ចេកទេស ឬដោយសារកម្រឹតយល់ដឹងអំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ដែលថ្នាក់លើបានដាក់ចុះ។ ឯកឧត្តម បន្ថែមទៀតថា តាមរយៈការធ្វើអធិការកិច្ចព្រឹកនេះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាងឲ្យឃើញនូវចំណុចខ្លំាង បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យើងបានកែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម រស់ វរុណ មានប្រសាសន៍លើកឡើងថា ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ ព្រមទាំងមានសីលធម៌ស្អាតស្អំ។ ឯកឧត្តមបន្ថែមទៀតថា កន្លងមកនេះ ក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បី ទប់ស្កាត់ការរំលោភ ដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះដែរ ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្ម មួយចំនួន និងបានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជូនដល់បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឲ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដូចជា កិច្ចការរដ្ឋបាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ៕

 

Related Post