រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសព ចំពោះមរណភាពរបស់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា និងជាស្វាមីរបស់លោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣:០០នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ឯកឧត្តម នៃ ប៉េណា គឺជាការបាត់បង់នូវ ស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ហើយក៏ជាការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញទៅដោយឆន្ទៈមនសិការ ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ និងអភិវឌ្ឍសង្គម នាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម សុខ លូ និងប្រតិភូអមដំណើរទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា បានសោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ។សូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Related Post