ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទំរីង ឃុំសុចិត្រ ឃុំសណ្ដាន់ និងឃុំឈើទាល មានការរីករាយជាខ្លាំង ដោយបានទទួលនូវអគារសុខភាពចំនួន ០១ខ្នងភ្ជាប់ជាមួយនឹងអគារសម្ភព ០១ខ្នង និងបន្ទប់រង់ចាំ ០២ខ្នង ដាច់ដោយឡែកបានបង្ហាញខ្លួនបន្ទាប់ពីការសាងសង់បានចប់រួចរាល់ជាស្ថាពរ និងបានសម្ពោធបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី អាលីសិន ស្ទូវ៉ត តំណាងស្ថានទូតនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា ក្រោមការជំនួយអង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោង EMBRACE (គម្រោងថែទាំសុខភាពមាតា និងទារកតាមរយៈការថែទាំ និងការចូលរួមពីសហគមន៍) ដែលឧបត្ថម្ភដោយ កិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជំនាញកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជិត៥០០នាក់ នៅថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅមណ្ឌលសុខភាពទំរីង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់បានធ្វើរបាយការណ៍សង្ខេប អំពីប្រវត្តិសកម្មភាព និងសមិទ្ធិផលនៃការសាងសង់មណ្ឌលសុខភាព អាគារសម្ភព និងបន្ទប់រង់ចាំ នៃមណ្ឌលសុខភាពក្រោមជំនួយឧបត្ថម្ភរបស់អង្គការអាដ្រាកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគម្រោងលើកកម្ពស់សុខភាពមាតា និងកុមារ អាហារូបត្ថម្ភអប់រំសុខភាពយុវវ័យ កសិកម្ម និងអនាម័យទឹកស្អាតក្នុងខេត្តកំពង់ធំ។ អង្គការអាដ្រាកម្ពុជាបានជ្រើសរើសតំបន់អទិភាពអនុវត្តគម្រោងលើកកម្ពស់សុខភាពមាតាកុមារ និងទារកតាមរយៈការថែទាំសុខភាពអោយបានប្រសើរឡើង និងបង្កើនការចូលរួមពីសហគមន៍ ក្នុងនោះមណ្ឌលសុខភាពទំរីង ០១ខ្នងប្រវែង ០៩ម៉ែត្រ គុណនឹង ១៤ម៉ែត្ រនិងអាគារសម្ភព បន្ទប់រង់ចាំ ប្រវែង ០៥ម៉ែត្រ គុណនឹង ១០ម៉ែត្រព្រមទាំងមានបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខាសម្រាប់ព្យាបាលជំងឺ ក៏ដូចជាសម្រាប់សម្រាលកូនស្ត្រីមានផ្ទៃពោះ។ មណ្ឌលសុខភាពនេះបានចំណាយថវិកាសរុបអស់ចំនួន ១១៨,៦៤១.៤០ដុល្លាអាមេរិច ក្នុងនោះមណ្ឌលសុខភាពទំរីងចំនួនទឹកប្រាក់ ៤០,៦៩១.៣១ដុល្លាអាមេរិច ។
លោកស្រី អាលីសិន ស្ទូវ៉ត បានលើកឡើងថាការសម្រាលកូនមិនមែនជាការងារស្រួលរបស់មនុស្សនោះទេដូច្នេះយើងត្រូវអប់រំដល់មាតាដទៃទៀត ឲ្យយល់ពីការសម្រាលកូនដោយម៉ែៗត្រូវធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជួយការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរៀបចំផែនការគ្រួសាររបស់ពួកគេ។ ជាពិសេសលោកស្រីបានលើកឡើងថាស្ដ្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាពពេលដែលដឹងថាជិតគ្រប់ខែ ម៉ែៗត្រូវរៀនសូត្រពីការសម្រាលកូនដើម្បីមានជីវិតនិងសុខភាពល្អ និងមានយល់ដឹងពីអាហារូប្ថម្ភ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់អង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោង EMBRACE ដែលឧបត្ថម្ភដោយ កិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា ដែលបានជួយឧប្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលជាប្រទេសមួយទើបតែមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដើម្បីយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋឯកឧត្តមបានណែនាំដល់គ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់់បម្រើរសេវាជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ជាពិសេសមណ្ឌលសុខភាពត្រូវមានគ្រូពេទ្យប្រចាំការជាប្រចាំសម្រាប់ជួយបងប្អូន ដែលមានបញ្ហាសុខភាព និងទទួលសេវាផ្សេងៗ។ ជាពិសេសយើងត្រូវអប់រំមាតា ឬក៏ស្ត្រីឲ្យយល់ដឹងពីការសម្រាលកូន និងការថែទាំទារកព្រមទាំងថែទាំសុខភាពមាតាផ្ទាល់ ពេលមានជំងឺបងប្អូនត្រូវទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងពិគ្រោះជាមួយលោកគ្រូពេទ្យ ត្រូវព្យាយាមអប់រំ និងផ្សព្វផ្សាយពីសេវាព្យាបាលជម្ងឺ។ ក្នុងនោះឯកឧត្តមបានផ្ដាំផ្ញើរអោយប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីមានសុខភាពល្អ ជាពិសេសខ្លួនយើងជួយខ្លួនយើងជាមុនសិន។ ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនសូមជួយថែរក្សាសម្បត្តិទាំងអស់នេះដើម្បីឲ្យបានយូរអង្វែងទៅមុខ រួមទាំងការសម្អាតនូវបរិស្ថាន និងបង្កើនការដាំដុះក្នុងការលើកស្ទួយជីវភាពគ្រួសារឲ្យបានប្រសើរឡើង ។