រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌ ចំនួន ៤ វត្ត នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្ដ្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌទី៨ រហូតដល់បិណ្ឌទី ១១ ជាមួយពុទ្ធបរិស័ទ ចាប់ពីថ្ងៃ៧រោច រហូតដល់ថ្ងៃ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ចំនួន ៤វត្ត រួមមាន វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ, វត្តទេពនិម្មិត, វត្តដួងសូរិយា ហៅវត្តក្តីដូង និងវត្តធម្មោពោធិ៍មង្គល ហៅវត្តពោធិ៍បាក់ក ស្ថិតនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយនាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨ ដែលមានរយៈពេល១៥ថៃ្ង។ ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើង សប្បាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះ គឺដោយសារតែប្រទេសយើងមានសន្តិភាព ដូច្នេះកត្តាសន្តិភាពនេះហើយ ធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាង តែការដែលធ្វើឲ្យមានសន្តិភាពវាពិបាកខ្លាំងណាស់ ដូច្នេះយើងបានសន្តិភាពហើយនាំគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំបុណ្យកឋិនទានសាមគ្គីមួយ ដង្ហែរមកកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ ក្នុងការសាងសមិទ្ធិផលនានាក្នុងវត្តអារ៉ាម ជាពិសេស ជួយពន្លឿននៃការសាងសង់ព្រះវិហារ ឲ្យបានឆាប់រហ័សផងដែរ៕

Related Post