ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា អញ្ជើញចូលរួមផ្តល់ជាកិត្តិយស ក្នុងពិធីប្រណាំងទូក ង នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយនៃការប្រណាំងទូក ង នៅខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងស្ទឹងសែន។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល សប្បុរសជន ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ជាច្រើនផងដែរ។
ឯកឧត្តម សុខ លូ បានរាយការណ៍អំពីលទ្ធផលនៃការប្រណាំងទូក អស់រយៈពេលពីរថ្ងៃកន្លងទៅនេះ ដែលទូកចូលរួមប្រណាំងមានចំនួន ៤២ទូក ក្នុងនោះទូកវែង ៦ទូក ទូកមួងបុរស ០២ទូក ទូកខ្នាតអន្តរជាតិ ១៧ទូក ទូកផ្កាចារចំនួន ១៦ទូក កីឡាករសរុបចំនួន ១,២៤៤នាក់ ក្នុងនោះកីឡាករបម្រុង ចំនួន ២៥៦នាក់ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ទីប្រឹក្សាឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល សប្បុរសជនទាំងអស់ ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភគាំទ្រដល់ពិធីប្រណំាងទូក នៅក្នុងខេត្តកំពង់ធំ ផងដែរ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីប្រណាំងទូកអាចទៅបាន ក៏អាស្រ័យដោយសារប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារប្រទេសជាតិ។ ម្យ៉ាងវិញទៀត គឺធ្វើឡើងដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា និងដើម្បីបង្ក ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីត្រៀមចូលរួមក្នុងពិធីប្រណាំងទូក ង នៅរាជធានីភ្នំពេញ នាថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែ នាថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ខាងមុខនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តល់រង្វាន់ជានិម្មិតរូបដល់ទូក-ង ជាប់ចំណាត់ថ្នាក់លេខ១មានចំនួន ៨ទូក ដោយក្នុងនោះទូកប្រភេទខ្នាតអន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ២ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ៣ទូក, ប្រភេទទូកផ្កាចា ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ៤ទូក លេខ២ មានចំនួន ៣ទូក និងលេខ៣ មានចំនួន ៣ទូក, ទូកងខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ១ទូក លេខ២ មានចំនួន ១ទូក និងលេខ៣ មានចំនួន ១ទូក ,ទូកមួងប្រភេទបុរស ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន ១ទូក និងលេខ២ មានចំនួន ១ទូក ៕