នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់តាំងក្រុមការងារដឹកនាំដោយលោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអ្នកស្ម័គ្រចិត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារងាយរងគ្រោះបំផុត ចំនួន ២.១៦១ គ្រួសារ មកពី ២១ ឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកចំនួន៣ មានស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹក និងបានផ្តល់សារអំពាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលផ្តល់សុខភាព ផឹកទឹកដាំពុះ គេងក្នុងមុងជានិច្ច ការពារកុំឲ្យមូសខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ លើសពីនេះទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឲ្យបានគ្រប់ចំនួនដងទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា តំណាងប្រជាពលរដ្ឋអ្នកទទួលអំណោយទាំងអស់ បានធ្វើការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរសម្ដេចជាពិសេសក្នុងថ្ងៃខួបកំណើតរបស់សម្តេច សូមសម្តេច និងក្រុមគ្រួសារទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបន្ថែមទៀត។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជំនួយមនុស្សធម៌នេះ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលមានចំនួនសរុប ៣.៧១៤ គ្រួសារ នៅតាមបណ្តាស្រុកជាបន្តបន្ទាប់ទៀត៕