រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំការងារគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ការ​ពារ​សន្តិ​សុខការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

ថ្ងៃទី ៤ ឧសភា ឆ្នាំ​២០១៧ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ បាន​ចូល​រួម​ប្រជុំ​ការ​ងារ​គណៈ​បញ្ជា​ការ​សន្តិ​សុខ​អចិន្ត្រៃយ៍ ការ​ពារ​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​នៅ​ទីស្តី​​ការ​ក្រសួង​មហា​ផ្ទៃ ។

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​យ៉ាងដាច់​ណាត់ ណែនាំ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ថា ដាច់​ខាត​ត្រូវ​​ពង្រឹង​ការ​ការ​ពារ​សន្តិសុខ​ឲ្យហ្មត់​ចត់​បំផុត និង​ត្រូវ​ចាត់​វិធាន​ការ​តាម​ច្បាប់​ឲ្យ​បាន​តឹង​រឹង លើស​កម្មភាព​ទាំង​ឡាយ​ណា ដែល​រារាំង​ដល់ដំណើរ​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ​​២០១៧​ខាង​មុខ ។

ការ​ប្រកាស​ដាក់​អនុសាសន៍​យ៉ាង​មុត​មាំ​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស ដែល​សម្ដេច​ឧបនា​យក​រដ្ឋ​មន្រ្តី អញ្ជើញ​ជា​សហ​អធិបតី​ភាព​ជា​មួយ​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​​កិច្ច​ប្រជុំ​​ការ​ងារ​​របស់​​គណៈ​​បញ្ជាការ​​សន្តិសុខ​​​អចិន្ត្រៃយ៍ (គ.ស.អ) ដើម្បី​​រៀប​​ចំ​​ផែន​​ការ​​ការ​​ពារដំណើរ​​ការ​រៀប​ចំ​ការ​​បោះ​​ឆ្នោត​​ជ្រើស​​រើស​​ក្រុម​​ប្រឹក្សា​​ឃុំ-សង្កាត់ នា​​ព្រឹក​​ថ្ងៃ​ទី ០៤ ខែ​​ឧសភា ឆ្នាំ​​២០១៧ នេះ នៅ​ទីស្ដី​​ការ​​ក្រសួង​​មហា​ផ្ទៃ ។

សម្ដេច​​ក្រឡា​​​ហោម បាន​​​គូស​​​បញ្ជាក់​​​ថា គ្រប់​​​ដំណាក់​​កាល​​នៃ​​ការ​​រៀប​​ចំ​ការ​​បោះ​​ឆ្នោត អាច​​នឹង​​លេច​​ចេញ​​នូវ​បាតុ​​​ភាព​​ផ្សេងៗ ដែល​​រា​រាំង​​បន្ទុច​​បង្អាក់​​ដល់​​ដំណើរ​​ការ​​បោះ​​ឆ្នោត ហើយ​​ដំណាក់​​កាល​​ដែល​​តឹង​​រឹង​​បំផុត​​នោះ គឺដំណាក់​​កាល​​នៃ​​ការ​​ឃោសនា​​បោះ​​ឆ្នោត​​នេះ​​តែ​​ម្ដង ដោយ​​ហេតុ​​ថា រយៈ​​ពេល​​នេះ គឺ​​ជា​​ការ​​តស៊ូ​​មតិ​​ខាង​​ផ្នែកនយោបាយ របស់​​គណបក្ស​នយោបាយ​នីមួយៗ ហើយ​ក៏​ជា​ដំណាក់​កាល​មួយ ដែល​ងាយ​នឹង​កើត​ឡើង​នូវ​ទំនាស់ និង​បទ​ល្មើស​ផ្សេងៗ​ដែរ ប្រសិន​បើ​គណបក្ស​ទាំង​នោះ មិន​គោរព​ច្បាប់​បោះ​ឆ្នោត និង​គោល​ការណ៍​ណែ​នាំ​របស់ គ.ជ.ប ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះថា «គ្រប់ក្បាលម៉ាស៊ីនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានសភាពការណ៍ និងការប្រែប្រួលឲ្យបានទាន់ពេល ដើម្បីសហការជាមួយ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ និងអង្គភាពចាត់តាំងផ្សេងៗ មានវិធានការអប់រំ បំភ្លឺជូនមហាជន ឲ្យបានយល់ពីហេតុការណ៍ ដែលបានកើតឡើង និងចំណាត់ការ របស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នា រក្សាភាពស្ងប់ស្ងាត់នឹងនរ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា» ។

ប្រមុខក្រសួងមហាផ្ទៃ បានណែនាំទៀតថា អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការនៅនឹងកន្លែង ឲ្យបានរហ័សបំផុត ទៅលើហេតុការណ៍ និងឧបទ្ទវហេតុផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពបំពុលបរិយាកាស ឬកេង​ប្រវ័ញ្ចខាងផ្នែកនយោបាយ ពីមជ្ឈដ្ឋានមួយចំនួន ។

ជាមួយគ្នានេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ នៃក្រសួងមហាផ្ទៃ នឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ច សរុប​ ៣៧,៥៣០នាក់ សម្រាប់ការពារការិយាល័យបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត ក្នុងនោះមានកម្លាំងនគរបាល ៣៥,០៤៣នាក់ កងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ ១,៨៤៤នាក់ ផងដែរ ។

សូមរំឭកថា ក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប ក៏កើតមានសកម្មភាពរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត រួចមកហើយដែរ ព្រមទាំងបានឡោមព័ទ្ធស្នាក់ការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតថែមទៀត បង្កការបំពុលបរិយាកាស រាំងស្ទះដល់ការបូកសរុបលទ្ធផលឆ្នោតទៀតផង ។ មិនតែប៉ុណ្ណោះ សកម្មភាពយ៉ាងអនាធិបតេយ្យទាំងនោះ ក៏បានបង្កជាអំពើហិង្សា រហូតដល់មានការដុតរថយន្តរបស់សមត្ថកិច្ចផងដែរ ។ លុះដល់ក្រោយការបោះឆ្នោត ក៏មានអំពើអនាធិបតេយ្យប្រឆាំងនឹងលទ្ធផលបោះ​ឆ្នោត បង្កបាតុកម្ម និង​ចលាចល អូសបន្លាយ​អស់រយៈ​ពេល​ជិត​មួយឆ្នាំ ។

ដោយ​ឡែក សម្រាប់​យុទ្ធនា​ការ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤វិញ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ ៣១ថ្ងៃទៀតប៉ុណ្ណោះ ៕

Related Post