រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

រដ្ឋបាលសាលាខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងកងកម្លាំងទាំងបី។

បន្ទាប់ពីលោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានអានសេចក្តីរាយការណ៍សង្ខេប ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩រួចមក ឯកឧត្តម ឈុន ឈន់ បានថ្លែងសន្ទរកថាស្វាគមន៍ និងមានប្រសាសន៍លើកឡើងថា អង្គសន្និបាតនាពេលនេះ គឺពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្ត សម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមទៀតថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាន នាពេលកន្លងមក ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តក៏នៅជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក្នុងក្របខ័ណ្ឌនៃតួនាទី និងការទទួលខុសត្រូវ របស់រដ្ឋបាលខេត្ត ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធសេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហាកែទម្រង់ស្ថាប័ន ក្នុងនោះ ការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីចំណីផ្លូវ បញ្ហាទឹកស្អាត អគ្គិសនី ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ។

ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏នៅមានបញ្ហាប្រឈម ជាពិសេសបញ្ហាគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ហាគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី។ បញ្ហាប្រឈមទាំងនេះ គឺជាប្រធានបទសម្រាប់ពិភាក្សាប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងនោះក្នុងសន្និបាតនាពេលនេះ ដើម្បីរួមគ្នាកំណត់វិធានការដោះស្រាយ។ ឯកឧត្តម បន្តទៀតថា តាមរយៈអង្គសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ទាំងនេះ ដូច្នេះ សូមសមាជិកសមាជិកា នៃអង្គសនិ្នបាត ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារឆ្នាំ២០១៩ ឲ្យមានប្រសិទ្ធិភាពថែមទៀត។

គួររំលឹកថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងការលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០១៩ ដោយមានសមាជិកសមាជិកចូលរួមប្រមាណជិត៤០០នាក់។

Related Post