រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាកទិសដៅអនុវត្តការងារឆ្នាំ ២០១៩

រសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ធំ។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រមាណជិត ៤០០នាក់ផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានឡើងរាយការណ៍អំពីលទ្ធផលនៃអង្គសនិ្នបាត ដែលបានប្រព្រឹត្តទៅរយៈពេល មួយថ្ងៃកន្លះ ដែលក្រុមការងារបានធ្វើការបែងចែកក្រុមពិភាក្សាចំនួន ០៤ក្រុម ដើម្បីធ្វើការពិភាក្សាលើ ប្រធានបទសំខាន់ៗចំនួន០៤ ដែលពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត រួមមាន ១. ការងារគ្រឿងញៀន និងអន្តោប្រវេសន៍ ទី២. ការងារផ្តល់អត្តសញ្ញាណប័ណ្ណ និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ទី៣. ការងារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ ជលផល ដីធ្លី) និងទី៤. ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងកាកសំណល់ រឹង រាវ ដើម្បីកំណត់អំពីបញ្ហាប្រឈមនានា និងវិធានការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាន នាពេលកន្លងមក រដ្ឋបាលខេត្ត ក៏នៅជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ដូចជាបញ្ហាពាក់ព័ន្ធការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីចំណីផ្លូវ បញ្ហាទឹកស្អាត អគ្គិសនី បញ្ហាធនធានធម្មជាតិ ដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ផ្តើមចេញពីចំណុចទាំងនេះ អង្គសន្និបាតបានធ្វើការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ពុះពារជំនះ ដោះស្រាយបញ្ហាប្រឈមនានាបន្តទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខុមាលភាព វិបុលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត និងប្តេជ្ញាអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨។

បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្តត្រូវខិតខំទាក់ទាញការវិនិយោគផ្នែកកសិកម្ម និងបង្កើតរោងចក្រកែឆ្នៃកសិផលនៅក្នុងខេត្ត សំដៅបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអភិវឌ្ឍន៍ខេត្តកំពង់ធំ ទៅជាតំបន់គោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដោយត្រូវខិតខំរៀបចំ និងអភិវឌ្ឍន៍ទីក្រុងអោយកាន់តែស្អាត មានសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ និងសេវាកម្មប្រកបដោយគុណភាព។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា នឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំឲ្យមានជាចលនាប្រលងប្រណាំងការផ្តល់សេវាសាធារណៈល្អ នៅរាជធានី ខេត្ត ក្រុង ខ័ណ្ឌ ស្រុក និងឃុំ សង្កាត់ ដោយចាប់ផ្តើមអនុវត្តសាលល្បងនៅខេត្តកំពង់ធំមុនគេ។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានស្នើរដ្ឋបាលខេត្ត រៀបចំបង្កើតក្រុមការងារថ្នាក់ខេត្តមួយ ដើម្បីធ្វើការគ្រប់គ្រង និងបែងចែកទឹកនៅតាមមូលដ្ឋានក្រុងស្រុកទាំង០៩ នៅក្នុងដូវប្រាំងនេះ ដែលប្រទេសជាតិប្រឈមអាកាសធាតុក្តៅហួតហែង ឲ្យបានល្អ និងមានតម្លាភាព សំដៅធានាការផ្គត់ផ្គង់ និងចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើកសិកម្ម។

ចុងក្រោយ ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តជឿជាក់ក្នុងការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាកំពុងធ្វើកំណែទម្រង់លើសេវាផ្សេងៗជាច្រើនទៀត ដើម្បីសម្រួលដល់ការរកស៊ី ជាពិសេសនៅលើទឹកដីខេត្តកំពង់ធំ ដែលដីនៅទំនេរជាច្រើនកន្លែង ហើយក៏ជាខេត្តដែលស្ថិតនៅចំកណ្តាលប្រទេសផងដែរ។

Related Post