រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ របើកដំបូល និងមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ នៅស្រុកកំពង់ស្វាយ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះ របើកដំបូល កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៣០ គ្រួសារ ក្នុងនោះ រលំផ្ទះទាំងស្រុង ៣គ្រួសារ របើកដំបូលចំនួន ៨ គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៩ គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូ មី ១ កេស ត្រីខ ១ យួរ និងឃីត ១ កញ្ចប់ ក្នុងនោះអ្នករបើកដំបូល ទទួលបន្ថែមនូវធុងចម្រោះមួយ និងអ្នករលំផ្ទះទាំងស្រុង បន្ថែមនូវ
ធុងដាក់ទឹកចំណុះ ៣០ លីត្រ ធុងចម្រោះទឹកស្អាត១ កន្ទេល ១ ឆ្នាំងពីរ ថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះឯកឧត្តមប្រធានបានបន្ថែមថវិកាផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ៣ គ្រួសារ ដោយមួយគ្រួសារទទួលបាន ១០០ដុល្លារថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានចូលរួមសោកស្តាយជាពន់ពេក នឹងសម្ដែងនូវការអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ មិនត្រូវរត់លេងទឹកភ្លៀង បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាព។

Related Post