រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទទួលបានថវិកាជាង២០ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជន ក្នុងទិវា ៨ ឧសភា

រដ្ឋបាលខេត្តកំពង់ធំ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំពិធីអបអរសាទរ ខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាពីសប្បុរសជនបានចំនួន២០៥ ៩០០ដុល្លា កើនឡើងជាងឆ្នាំមុន។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិ
យសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងព្រះសង្ឃ សមាជិក-សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុង-ស្រុក សិស្ស-និស្សិត យុវជនស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជនជាច្រើនប្រមាណជិត១ពាន់នាក់ផងដែរ។

បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍អំពីសមិទ្ធិផលនានាសម្រេចបានក្នុងឆ្នាំ២០១៨រួចមក ឯកឧត្តម សុខ លូ បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្តនាពេលនេះ ធ្វើឲ្យសាខាកាកបាទក្រហមខេត្តរបស់យើង ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែរ៉ឹងមាំ ដែលអាចជួយសង្រ្គោះប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ទន្ទឹមនឹងនេះដែរ​ ឯកឧត្ដម បានសង្កត់ធ្ងន់ថា សាខាកាកបាទក្រហមខេត្តនឹងប្រើប្រាស់ថវិកាសប្បុរសធម៌ទាំងនេះប្រកបដោយប្រសិទ្ធភាព ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះផ្សេងៗ និងជនងាយរងគ្រោះបំផុត។

ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឲ្យមានលក្ខណៈរ៉ឹងមាំ ដែលធានាបាននូវការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជា ក្នុងការជួយក៏ដូចជាការផ្ដល់នូវសេចក្ដីសង្ឃឹមឡើងវិញដល់ជនរងគ្រោះ និងជនងាយរងគ្រោះដែលកំពុងត្រូវការជំនួយ និងការគាំទ្រមិនអាចខ្វះបានពីយើងទាំងអស់គ្នា រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Related Post