រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញប្រកាសសមាសភាព ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ និងផ្សព្វផ្សាយយុទ្ធសាស្ដ្ររាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវីធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងសន្ទរកថាស្វាគមន៍ និង រាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥។ កន្លងមកអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនានា មានការថយចុះជាបន្តបន្ទាប់ លើសពីនេះទៀតរដ្ឋបាលខេត្តបានខិតខំចលនាឲ្យមានការចូលរួម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបានល្អ។
ឯកឧត្តមអភិបាលក៏បានលើកឡើងបន្តទៀតថា ការបង្កើតឲ្យមានក្រុមការងារចុះមូលដ្ឋានគឺជាមធ្យោបាយដ៏មានសារៈសំខាន់និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយភាពស័ក្កិសិទ្ធិសំដៅធានាសម្រេចឲ្យបានជោគជ័យនូវទិសដៅកំណែទម្រង់ស៊ីជម្រៅដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោកស្រី មកពីបណ្តាក្រសួង ស្ថាប័ន ដែលត្រូវបានចាត់តាំងឱ្យមកបំពេញការងារជាក្រុមការងារថ្នាក់ជាតិនៅខេត្តកំពង់ធំនេះ និងសូមឱ្យក្រុមការងារទាំងអស់ ត្រូវរួមសាមគ្គីគ្នា និងសហការល្អជាមួយនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត បានណែនាំឱ្យក្រុមការងារ ដោះស្រាយរាល់បញ្ហាប្រឈម ដែលកើតមាននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចាំឱ្យច្បាស់ថា «ក្រុមការងារពុំមានតួនាទីចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ»។ បើមានភាពចាំបាច់យើង​នឹងបង្កើតក្រុមការងាររហូតដល់ថ្នាក់ឃុំ និងភូមិទៀត ធ្វើបានដូច្នេះទើបដឹងរឿងជាក់ស្តែង និងដោះស្រាយបានចំបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយ​ប្រសិទ្ធភាព។ នាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានលើកឡើងថា ខេត្តកំពង់ធំ ទោះបីជាខេត្តនាំមុខខាងវិស័យកសិកម្ម តែក៏ជាគោលដៅទេសចរណ៍មួយដ៏ល្អដែរ ពីព្រោះជាខេត្តដែលមានសម្បត្តិបេតិក ភណ្ឌពិភពលោក គឺតំបន់ប្រាសាទសំបូរព្រៃគុក ហើយក៏មានសក្ដានុពលលើវិស័យកសិទេសចរណ៍ផងដែរ៕

Related Post