នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៦ យាងចូល ៦៧ព្រះវស្សា នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងពិធីនោះដែរ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ទុង្សាទេវី សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕