រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ចំនួន៨០ គ្រួសារមកពី ៥ឃុំនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ។ អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី នាំយកទៅចែកជូនរួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ដែលក្នុងមួយគ្រួសារទទួលបាន ដូចជាអង្ក៣០គីឡូក្រាម ឃីត១កញ្ចប់ មុង ភួយ កន្ទេល តង់ ។
ឯកឧត្តមបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះបងប្អូនដែលទទួលរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្រ្តាក់នេះរហូតដល់មានបងប្អូនយើងម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើយ៉ាងណាមិនត្រូវទុកបងប្អូនរបស់យើងណាម្នាក់ចោលឡើយ។
ឯកឧត្ដមបានបន្តទៀតថាអំណោយសប្បុរសធម៌ទាំងអស់នេះ បានមកពីការបរិច្ចាគរបស់សប្បុរសជននានា នៅក្នុងពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាកន្លងមក ដែលសាខាកាកបាទក្រហមខេត្តកំពង់ធំរៀបចំពិធីនេះកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩៕