រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់វាយប្រហាជាលើកទី២កាលពីថ្ងៃទី០៩-១០ ខែឧសភា កន្លងទៅនេះ ចំនួន៥៣គ្រួសារនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តមបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះបងប្អូនដែលទទួលរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្រ្តាក់នេះ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្ដមបានបន្តទៀតថាអំណោយសប្បុរសធម៌ទាំងអស់នេះ បានមកពីការបរិច្ចាគរបស់សប្បុរសជននានា នៅក្នុងពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
សូមរឮកថា ខ្យល់កន្ត្រាក់បានវាយប្រហារស្រុកកំពង់ស្វាយចំនួន២លើកជាប់ៗគ្នា ក្នុងរយៈពេលតែ១សប្ដាហ៍ប៉ុណ្ណោះ គឺលើកទី១ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានគ្រួសាររងគ្រោះចំនួន២៨គ្រួសារ និងលើកទី២ នៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ២០១៩ មានគ្រួសាររងគ្រោះចំនួន៥៣គ្រួសារ៕