រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យវិសាខបូជា រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្ដម សុខ លូ អភិបាលខេត្ត និងព្រះមន្ត្រីសង្ឃ នៃគណៈគណខេត្ត ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពុទ្ធសាសនិកជនប្រមាណ ៣,០០០អង្គ-នាក់បានរៀបចំពិធីដង្ហែរក្បួនធម្មយាត្រា ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ពិធីនេះបានដង្ហែរចេញពីវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ៦ ទៅទិសខាងត្បូងកាត់មុខផ្សារកំពង់ធំ រហូតដល់រូបសំណាកដំរីជាន់ខ្លារួចត្រឡប់មកវត្តកំពង់ធំវិញតាមផ្លូវដដែល ដោយមានការរចនាឡើងនូវ ក្បួនទីនាំងកម្កល់រូបសំណាក់តំណាងឲ្យព្រឹត្តិការណ៍ទាំងបី របស់ព្រះបរមសមណគោត្តម (ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន) ជាមួយនឹងការតុបតែងលម្អរនូវផ្កាភ្ញីជាដើម និងក្បួនដង្ហែរអមរបស់មន្ត្រីសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ពុទ្ធបរិស័ទ្ធ យ៉ាងច្រើនកុះករ។
បន្ទាប់ពីហែក្បួន ធម្មយាត្រាចប់ឯកឧត្តមអភិបាលបានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើដល់ ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំគោរពបូជាព្រះពុទ្ធសាសនាដើម្បី ឲ្យយុវជនយើង ជំនាន់ក្រោយ បានយល់និងចូលរួម គោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋយើងអោយបានគង់វង្ស៕