រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ទោះបីជួបបញ្ហាប្រឈមខ្លះៗក៏ដោយយើងត្រូវរួមគ្នាខិតខំកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែនឲ្យបានស្អាត ដើម្បីទាក់ទាញ ភ្ញៀវទេសចរឲ្យមក ស្នាក់នៅក្នុងខេត្តកំពង់ធំរបស់យើងបានកាន់តែច្រើន។ ថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងស្ទឹងសែន អាណត្តិទី៣ចំនួន១៧រូប និងអភិបាលរងក្រុងស្ទឹងសែន ចំនួន១រូប នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលក្រុងស្ទឹងសែនត្រូវរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ពិសេសជុំវិញបរិវេណផ្សារកំពង់ធំ ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គូសគំនូសសម្រាប់ចំណតយានយន្តសាធារណៈជុំវិញផ្សារកំពង់ធំ។ មេភូមិ ចៅសង្កាត់ទាំងអស់ត្រូវខិតខំ អប់រំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមទីកន្លែង ហើយមិនត្រូវឲ្យសង់សំណង់នានារំលោភលើដីចំណីផ្លូវនោះទេ ត្រូវតែពង្រីកផ្លូវឲ្យត្រូវតាមទំហំស្តង់ដារ ទើបយើងអនុញ្ញាតឲ្យធ្វើផ្លូវជាក្រោយ។
នាឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣នេះ ត្រូវខិតខំបន្តដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ហើយបន្ទាប់ពីបាន ចូលកាន់តំណែង ក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់លើការងារបន្ទាន់មួយចំនួនរួមមាន៖
១. ត្រូវធ្វើការប្រជុំសាមញ្ញលើកទី១របស់ខ្លួន មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូល កាន់តំណែង
២. បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២របស់ខ្លួន មិនឲ្យ មុនម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើក ទី១ឡើយ
៣. ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិក ក្រុមប្រឹក្សាទាំងអស់ មានកាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤. ក្នុងឆ្នាំទីមួយ នៃអាណត្តិរបស់របស់ខ្លួន ត្រូវកសាងផែនការអភិវឌ្ឍដែលមានសុពលភាពរយៈពេលប្រាំឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់
៥. ត្រូវបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា
៦. ត្រូវខិតខំបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន
៧. ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន។ ឯកឧត្តម ក៏បានធ្វើការគូសបញ្ជាក់អំពីកិច្ចដំណើរការនៃការបោះឆ្នោត ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងទិសដៅការងារជាអាទិភាពនានា សម្រាប់ជាមូលដ្ឋាន ដើម្បីយើង បន្តរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ ជាមូលដ្ឋានក្នុងការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ស្របតាមបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប៕