រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងឧសភា ឆ្នាំ២០១៩ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា យើងត្រួវ រួមគ្នាទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត ដោយចាត់ទុកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀននេះ ជាការងារអាទិភាពជាងគេ ព្រោះថាក្នុងរយៈពេល២ខែមេសា និងឧសភា កន្លងមក បញ្ហាទាំងពីរនេះ នៅតែកើតមានឡើងគួរឱ្យព្រួយបារម្មណ៍។
ឯកឧត្ដម សុខ លូ ក៏បានលើកឡើងដែរថា ដើម្បីចូលរួមជម្រុញក្នុងការអនុវត្តគោលការណ៍ណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក យើងត្រូវខិតខំបន្តទៀត ជម្រុញការងារប្រឡងប្រណាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ដោយផ្តល់ការលើកទឹកចិត្ត ដល់ក្រសួង ស្ថាប័ន អង្គភាព និងអង្គការជាតិ ដែលមានស្នាដៃល្អ ក្នុងដៅកាត់បន្ថយចំនួនអ្នកគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមក៏បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះរថយន្តដឹកសំពីងសំពោង រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ជាពិសេសអ្នកបើកបររថយន្តធំៗពេលយប់ និងត្រូវស្នើដល់ថៅក្រុមហ៊ុន ត្រូវធ្វើតេស្ដទឹកនោមលើអ្នកបើកបររបស់ខ្លួន។
តាមរបាយការណ៍របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងរយៈពេល២ខែកន្លងមកនេះ បញ្ហាចម្បងៗដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំង៣៧លើកនេះ គឺបណ្តាលមកពីការធ្វេសប្រហែសក្នុងការបើកបរ ការបើកបរលើសល្បឿនកំណត់ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរមិនគោរពសិទ្ធិអាទិភាព និងការបើកបរក្នុងស្ថានភាពស្រវឹង៕