រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ ចំនួន៧៤គ្រួសារ ស្ថិតនៅវត្តកំពង់ពោន ឃុំបាក់ស្នា នៅស្រុកបារាយណ៍។ នាឱកាសនេះ ឯកឧត្តមបានស្នើដល់លោកមេភូមិ មេឃុំ លោកអភិបាលស្រុក ត្រូវចុះត្រួតពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានជាប្រចាំ ហើយជួយពួកគាត់ឲ្យបានទាន់ពេលវេលា ទោះបីមួយគ្រួសារ ឬ ពីរគ្រួសារក៏ដោយ។
ប្រសិនបើមានករណីច្រើនគ្រួសារ សូមរាយការណ៍ មកសាខាកាកបាទក្រហមខេត្ត ដើម្បីរៀបចំជាសម្ភារៈនិងថវិការ ចុះជួយបន្តទៀត ដោយមិនទុកឲ្យបងប្អូនណាម្នាក់អត់ឃ្លាននោះទេ។ ឯកឧត្តមបន្ថែមទៀតថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំ ដូចជាការចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។
ឯកឧត្តមបានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូន ប្រជាពលរដ្ឋ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខា កាក បាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុក្ខបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្តមក៏បានបន្ថែមទៀតថា រដូវនេះ គឺជារដូវ វស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លា ដូចជាក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ និងដាក់អាបែត ក្នុងពាងទឹក ឬអាងទឹក ជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត ឯកឧត្តមក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕