រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំបានរៀបចំក្រុងពាលីសាងសង់សួនច្បារ និងរូបសំណាកលោកឧញ៉ាតេជោក្រហម (ក) ត្រូវនៅរង្វង់មូលគល់ស្ពានពោធិ៍អង្ក្រង ក្រុងស្ទឹងសែន

រដ្ឋបាលខេត្តកំពង់ធំ៖ រូបសំណាកបារមីស័ក្កសិទ្ធ របស់លោកឧញ៉ាតេជោក្រហម(ក) មានមហិទ្ធិឬទ្ធិបារមីខ្លំាងពូកែ ត្រូវបាន រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីសាងសង់រូបសំណាក លោកឧកញ៉ាតេជោក្រហម(ក) អមដោយសួនច្បារ នៅរង្វង់មូលធំ គល់ស្ពានពោធិ៍អង្រ្កង ផ្លូវវាងក្រុងស្ទឹងសែន ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងបាននិមន្តចូលរួមដោយ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមីមេគណខេត្តកំពង់ធំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការសាងសង់រូបសំណាក លោកឧកញ៉ាតេជោក្រហម (ក) នេះ បានបង្ហាញពីអបិយជំនឿ របស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ធំយើង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលតែងតែធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានបញ្ជាក់ថា រូបសំណាកនេះ គឺមានកម្ពស់៥ម៉ែត្រ ៦តឹក បើគិតទាំងជើងទម្រ មានកម្ពស់ ជាង ១១ម៉ែត្រ ទទឹង៤ម៉ែត្រ២តឹក រីឯថ្មគឺត្រូវបានជ្រើសរើសថ្មដែលលក្ខណៈពិសេស ដែលមានការប្រែពណ៌ ជាពណ៌ស៊ីជម្លូ មានលក្ខណៈរ៉ឹង និងត្រូវបានយកមកពីភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព ប្រជាពលរដ្ឋអាចធ្វើ ដំណើរកំសាន្តបាន គ្រប់ទេកន្លែង ធ្វើបុណ្យដាក់ទាន និងពិធីផ្សេងៗបាន ក៏ដោយសារ ក្រោមការដឹកនាំដល់ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត នៅខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធី បុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យ ដែលទើបតែសាងសង់ថ្មី និងកម្មវិធីហូបអំបុកសាមគ្គីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន ជាពិសេសមានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុក ពិសារដោយ ឥតគិតថ្លៃ លុះនៅពេលរាត្រី មានការប្រគុំតន្ត្រី បាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ព របស់យើង។

ចំណែកថ្ងៃទី១១ ខែវិច្ឆិកា គឺជាថ្ងៃព្រះរាជពិធីអកអំបុកសំពះព្រះខែ ដែលជាបុណ្យជាតិ ហើយរដ្ឋបាលខេត្តបាន រៀបចំធ្វើពិធី ដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ស្លៀកពាក់ជាប្រពៃណី ខោចែវ អាវបំពង់ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិយើង។

Related Post