(រដ្ឋបាលខេត្តកំពង់ធំ)៖ ឧបករណ៍អគ្គីសនីដើរដោយព្រះអាទិត្យ (សូឡា) របស់គម្រោងបែងចែកដីដើម្បី សង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ត្រូវបានចែកជូនសម្បទានិកចំនួន ៥៥៩ គ្រួសារ ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។ ពីធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងមន្ទីរវិស័យពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យសម្បទានិករបស់គម្រោង LASED II សូមត្រៀមលក្ខណៈបង្កបង្កើនផលលើដីកសិកម្មដែលរាជរដ្ឋាភិបាលបានចែកជូន និងចូលទៅរស់នៅឱ្យបានគ្រប់ៗគ្រួសារ ព្រោះរដូវវស្សានឹងឈានចូលមកដល់នៅពេលខាងមុខនេះ ព្រមទាំងផ្តាំផ្ញើដល់សម្បទានិកទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺកូវីដ១៩ កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះជាបច្ចុប្បន្ន ខេត្តកំពង់ធំ មិនទាន់មានអ្នកផ្ទុកជំងឺនេះក៏ដោយ យើងមិនត្រូវភ្លេចខ្លួននោះទេ និងត្រូវរក្សាអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍។
ឯកឧត្តម បន្តទៀតថា ផ្ទាំងសូឡា ដែលបានចែកជូនសម្បទានិកទាំង ៥៥៩គ្រួសារនេះ អាចប្រើប្រាស់បានច្រើនយ៉ាង ដូចជា សាកថ្ម បំភ្លឺ និងអ្វីផ្សេងទៀត តាមតម្រូវការ ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ និងក្រុមការងារបានបន្តដំណើរចុះពិនិត្យមើលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ សាលារៀន មណ្ឌលសុខភាព ផ្សារ នឹងផ្ទះប្រជាពលរដ្ឋ ដែលកំពុងបន្តសាងសង់ និងការរស់នៅរបស់សម្បទានិកនៅលើទីតាំងដីសម្បទានសង្គមកិច្ចផ្ទាល់ទៀតផង។
គួររំលឹកថា ដើម្បីគាំទ្រដល់កិច្ចដំណើរការចូលសង់ជម្រកស្នាក់នៅ និងបង្កបង្កើនផល គម្រោងបានផ្តល់ជូនសម្បទានិកក្នុងមួយគ្រួសារនូវ
- កញ្ចប់សាងសង់ជម្រករួមមានស័ង្កសីចំនួន ៤០ សន្លឹក
- កញ្ចប់គាំទ្រកសិកម្មរួមមានកូនស្វាយចន្ទីចំនួន ១៣០ ដើម ដំណាំគម្របដី (គ្រាប់សណ្តែកខៀវ) ចំនួន ២០ គីឡូក្រាម កូនឈើហូបផ្លែចំនួន ៥ មុខ ស្មើនឹង ៥០ ដើម គ្រាប់ពូជបន្លែចំនួន ៦ មុខ និងសម្ភារៈកសិកម្មចំនួន ៨ ប្រភេទ
- កញ្ចប់លំនៅឋាន រួមមានអង្ករចំនួន ២០០ គីឡូក្រាម មុងចំនួន ១ កន្ទេលចំនួន ១ តង់ប្លាស្ទិកចំនួន ១ ធុងចម្រោះទឹកចំនួន ១ និងធុងស្តុកទឹកចំណុះ២០០លីត្រ ចំនួន១ រួចមកហើយ។