រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៨ គ្រួសារ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ នៃការរីករាលដាលជំងឺ កូវីដ-១៩

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី បន្តនាំយកអំណោយកាកបាទក្រហម ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែល មានការខ្វះខាត ចំនួន ៧៨នាក់ នៅទីតាំងបីផ្សេងគ្នា ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងបានចូលសួរ​សុខទុក្ខ លោកយាយចាស់ជរា និងកូនពិការ និងចូលផ្តល់សម្ភារ:ខ្លះៗដល់កន្លែងចត្តាឡឺស័កស្រុក និងអនុ​សាខា​កាកបាទក្រហមស្រុកតាំងគោកផងដែរ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែ​បានគាំទ្រ និងផ្តល់អំណោយដល់សាខាកាកបាទក្រហមខេត្ត ដើម្បីបានបន្តធ្វើសកម្មភាព​មនុស្ស​ធម៌​ជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនអោយទុក​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ដោយគ្មានអាហារហូបនោះទេ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមប្រធាន បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២១ករណី នៅសល់តែ ១នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន​ឲ្យបាន​ទូលំទូលាយថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ ក៏ដូចជានៅក្នុង​ប្រទេសកម្ពុជាទាំងមូល ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាលក៏ដោយ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋទាំអស់ត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូ ជេល ទឹកអាល់កុល ឬទឹក​សម្លាប់​មេរោគ ត្រូវរក្សាគម្លាតគ្នា ត្រូវពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ និងមិនត្រូវបង្កើត​មានកម្មវិធីជួបជុំនោះទេ ដើម្បីរួមគ្នាបន្តបង្ការទប់ស្កាត់ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ការរីករាលដាលនៃជំងឺ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ដើម្បី​អាយុ​ជីវិតគ្រួសារយើង និងសុខមាលភាពក្នុងសង្គម។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥kg មី ១កេះ ត្រី ខ ១០កំប៉ុង ទឹកត្រី ១យួរ សាប៊ូ ១ដុំ និងឃីដ ១កញ្ចប់។ ចំណែកលោកយាយពិការទទួលបាន អង្ករ ២៥kg មី ១កេះ ត្រី ខ ១០កំប៉ុង ទឹកត្រី ១យួរ សាប៊ូ ១ដុំ ឃីដ ១កញ្ចប់ និងរទេះពិការ ១៕

Related Post