រដ្ឋបាលខេត្តកំពង់ធំ÷ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាល និងផ្ដល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រតិភូនៃក្រសួងមុខងារសាធារណៈ ឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក លោកស្រី មន្រ្ដីនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។
លោក កើត រ័ត្ន ប្រធានមន្ទីមុខងារសាធារណៈខេត្តកំពង់ធំ ឡើងរាយការណ៍ជូនអំពីសមិទ្ធផល ការងារ និងវឌ្ឍនភាពនៃមន្ទីរដែលសម្រេចបាននាពេលកន្លងមកដូចជា មន្ទីមុខងារសាធារណៈខេត្ត បានពិនិត្យ សំណុំឯកសារ និងដីកាគ្រប់ប្រភេទរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងស៊ីវិលក្នុងខេត្ត តាមប្រភេទក្របខណ្ឌ សរុបចំនួន៧៦៨៤នាក់ ស្រី៣៥០៦នាក់ លើសពីនេះទៀតក៏បានពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ទិដ្ឋាការលើសំណុំឯកសារផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ មន្ត្រីរាជការស៊ីវិល និងសំណុំឯកសារបៀវត្សប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្ត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញព្រះរាជក្រឹត្យ លក្ខន្តិកៈ សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ២៤០ អមដោយសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈចំនួន០២ទៀត គឺសេចក្តីណែនាំលេខ៧៨៨ និង៧៨៩ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចធ្វើសមាហរណកម្មការិយាល័យ អង្គភាពជំនាញនានាជុំវិញក្រុង ស្រុក ខណ្ឌ ។ ហើយរដ្ឋបាលខេត្តបានចេញដីកាមួយចំនួនដូចជា៖ ការដាក់ឲ្យស្ថិតនៅក្រៅក្របខណ្ឌដើម ការអនុញ្ញាតឲ្យចូលបម្រើការងារនៅអង្គភាពដើមវិញបន្ទាប់ពីស្នើសុំទំនេរគ្មានបៀវត្ស ការលុបឈ្មោះមន្ត្រីរាជការ ការផ្លាស់ប្តូរកន្លែងការងារ ការដំឡើងថ្នាក់តាមកម្រិតសញ្ញាបត្រ ការតែងតាំង និងផ្លាស់ប្តូរភារកិច្ច។ ឯកឧត្តមបន្ដទៀតថា ការគ្រប់គ្រងបុគ្គលិកបច្ចុប្បន្ននេះ ជាកិច្ចការថ្មីសម្រាប់រដ្ឋបាលក្រុង ស្រុក ដូចនេះត្រូវទាមទារឲ្យមានការផ្តល់កិច្ចសហការណ៍ល្អពីសំណាក់ មន្ទីរមុខងារសាធារណៈខេត្ត ទាំងការពិនិត្យលើការរៀបចំឯកសារ និងណែនាំនីតិវិធីជាបន្តបន្ទាប់ដល់រដ្ឋបាលក្រុង ស្រុកផងដែរ។ ចុងក្រោយឯកឧត្តម សុខ លូ បានកោតសរសើរដល់ថ្នាក់ដឹកនាំនៃមន្ទីរមុខងារសាធារណៈខេត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ព្រមទាំងអនុវត្តសេចក្តីណែនាំរបស់ថ្នាក់លើបានល្អ និងទាន់ពេលវេលា ទៅតាមអ្វីដែលថ្នាក់លើចង់បាន។
ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ ដែលកន្លងមកបានបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារបានល្អប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរមកគ្នាសាធារណៈខេត្តកំពង់ធំ ខិតខំពង្រឹងកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តឱ្យមានភាពល្អប្រសើរបន្តទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យដំណើរការនេះផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ គឺយើងត្រូវការសម្ថភាពធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបានការធ្វើផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាងមុន ។
ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយផ្នែកសុខាភិបាលនិងមន្ទីរពេទ្យខេត្ត សុខភាពតាមមូលដ្ឋានឱ្យបានល្អប្រសើរជាបន្តទៀត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ រួមគ្នាបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យដើរទន្ទឹមនឹងការដោះស្រាយរាល់ការលំបាកជាបណ្តោះអាសន្នខាងសេដ្ឋកិច្ចនិងសង្គមកិច្ច ដែលបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ សំដៅការពាររឹងមាំសុខភាពនិងសុខុមាលភាពសាធារណៈ រួមចំណែកការពារសុខសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ។ មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែកវត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈ។