នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លង សមិទ្ធផលនានា ក្នុងវត្តទេពនិមិ្មត ហៅវត្តធម្មយុត្តិ ដែលមានទីតាំងស្ថិតនៅ ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងពិធីដ៏ឧឡារឹកនេះ មានការចូលរួមពីសំណាក់ លោកលោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត យ៉ាងច្រើនកុះករ។
គួរំលឹកផងដែរថាវត្តនេះត្រូវបានកសាងឡើង តាំងពីឆ្នាំ១៩១៨ ដោយមានការផ្តួចផ្តើមពី ព្រះសង្ឃ អាចារ្យ និងគណៈកម្មការចំណុះជើងវត្ត។
ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានលើកឡើងថា៖ បើយើងក្រឡេកថយក្រោយ ទៅកាន់សម័យប៉ុលពត របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវបានជម្លៀសចេញពីទីប្រជុំជន ឲ្យទៅរស់នៅទីជនបទ បង្ខំអោយប្រជាពលរដ្ឋធ្វើការគ្មានថ្ងៃឈប់សម្រាក ហូបចុកមិនគ្រប់គ្រាន់ គ្រួសារមួយចំនួនត្រូវរស់បែកបាក់គ្នា ព្រាត់បងព្រាត់ប្អូន ម្តាយព្រាត់កូនគួរឲ្យសង្វេក។ ហើយបើយើងមើលប្រវត្តិសាស្ត្រ តាំងពីដើមឡើយ ប្រទេសខ្មែរគឺជាមហាអំណាចមួយនៅ អាស៊ីអាគ្នេយ៍ តែដោយសារតែសង្រ្គាម ធ្វើអោយប្រទេសយើង ត្រូវបានបាត់បង់ទឹកដីម្តងបន្តិចៗ រហូតដល់សម័យអាណានិគមនិយមបារាំង យើងត្រូវបាត់បង់កម្ពុជាក្រោម និងកោះត្រល់។ ក្នុងនាមយើងជាខ្មែរយើងពិតជាសោកស្តាយណាស់ចំពោះការបាត់បង់ដីរបស់យើង។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើក្នុងនាមជាប្រជាពលរដ្ឋខ្មែរ គឺយើងត្រូវរក្សា ការពារទឹកដីដែលយើងមានសព្វថ្ងៃនេះ ១៨១,០៣៥ គីឡូម៉ែត្រការ៉េ នេះអោយបានគង់វង្ស តាមរយៈការអភិវឌ្ឍន៍ រូបវ័ន្ត ដូចជាសាងសង់ ស្ពាន ផ្លូវ សាលារៀន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឲ្យបានចប់រួចរាល់។ ប៉ុន្តែការអភិវឌ្ឍន៍រូបវ័ន្តទាំងនេះ អាចធ្វើទៅបានលុះត្រាតែប្រទេសមានសន្តិភាព គ្មានសង្គ្រាម ព្រោះតាមរយៈប្រវត្តិសាស្ត្របានឆ្លុះបង្ហាញថា ការបាត់បង់ទឹកដីរបស់យើង គឺដោយសារសង្គ្រាម និងការបែកបាក់ផ្ទៃក្នុងប្រទេស។
ឯកឧត្តម បានបានបន្តទៀតថា៖ សន្តិភាពដែលយើងមានសព្វថ្ងៃ គឺឆ្លងកាត់ការពលីកម្មច្រើនណាស់ ដូចនេះយើងទាំងអស់គ្នាត្រូវរក្សា សន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសយើងមានការអភិវឌ្ឍន៍ រីកចំរើនតទៅមុខទៀត។ បើយោងតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចអន្តរជាតិ បើប្រទេសយើង មានសន្តិភាព ៥ទៅ៦ឆ្នាំទៀត ប្រទេសយើងនឹងក្លាយជាកូននាគមួយនៅអាស៊ីអាគ្នេយ៍ តាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ធ្វើឲ្យសេដ្ឋកិច្ចខ្មែរ មានកំនើន ក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។ ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ ធ្វើឲ្យឃុំសង្កាត់មានការរីកចំរើន ដោយយើងមើលឃើញថា នៅជនបទមានផ្លូវលំខ្វាត់ខ្វែង នៅទីប្រជុំជនមានផ្លូវបេតុងខ្វែងខ្វាត់។ ម៉្យាងទៀតតាមរយៈកំណែទម្រង់នេះដែរ នឹងធ្វើឲ្យមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍មន្ត្រីរាជការ ឲ្យក្លាយជាមន្ត្រីមានសមត្ថភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះយើងទទួលស្គាល់ថា មានមន្ត្រីរាជការមួយចំនួនតូចមិនទាន់បត់បែន តែយើងព្យាយាមកែប្រែតាមរយៈអភិក្រម បួនគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល។
ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវ ទៅប្រជាពលរដ្ឋទាំងអស់ កុំភ្លេចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទីបួនទាំងអស់គ្នា។ ឯកឧត្តមក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋដែរថា សូមបងប្អូនបោះឆ្នោតជូនគណបក្សណាដែលនាំមកនូវ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ (មិនសន្យា តែធ្វើ) ៕