ឯកឧត្តម សុខ លូ និងមន្ត្រីរាជការក្នុងខេត្ត បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ព្រៃឈើអូរសោម ចំនួន ១៦៥ នាក់ ក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង និងនៅរសៀលថ្ងៃទី២៣ ខែឧសភា បានអញ្ជើញបន្តចុះ នៅព្រៃសហគមន៍ក្បាលបី ដែលមានប្រជាសហគមន៍ចំនួន ២០០ នាក់ ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្នុងខេត្តកំពង់ធំ ព្រៃសហគមន៍សរុបមានចំនួន ៨៧ សហគមន៍ ដែលមានផ្ទៃដីព្រៃសរុបចំនួន ៨៣,១៣២.៣៤ ហិកតា ក្នុងនោះព្រៃសហគមន៍ក្បាលបី មានផ្ទៃដីសរុបចំនួន ៧៦០.៨៦ ហិកតា និងព្រៃសហគមន៍អូរសោម មានផ្ទៃដីសរុបចំនួន ៣០៨ ហិចតា ដែលមានអ្នកពាក់ព័ន្ធសំខាន់ៗ កំពុងធ្វើការជាមួយ ដូចជា គម្រោងគ្រប់គ្រងព្រៃឈើ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជន (CFMLI) វិទ្យាស្ថានស្រាវជ្រាវថ្នាក់កណ្តាល អង្គការ AFD រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន ។ ព្រៃសហគមន៍ទាំងនេះកើតមានបាន គឺផ្តើមចេញពីបងប្អូនទាំងអស់គ្នា ដូច្នេះសូមបងប្អូនជួយថែរក្សា ការពារព្រៃសហគមន៍នេះឲ្យបានគង់វង្ស និងជួយទប់ស្កាត់បទល្មើសទាំងឡាយដែលកំពុងកើតមាន ព្រោះមានតែបងប្អូននៅនឹងកន្លែងទាំងនេះទេ ដែលជាសេនាធិការដ៏ល្អ ដល់អាជ្ញាធរមូលដ្ឋាន ។
ឯកឧត្តម បន្តទៀតថា យើងទទួលបានសុខ សន្តិភាព មកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្ម ច្រើនណាស់ ដូច្នេះយើងត្រូវតែប្តេជ្ញារួមគ្នា ជួយថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស យូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង ។ ចំណែកឯការបម្រើសេវាធារណៈនៅតាមឃុំសង្កាត់វិញ កាន់តែមានលក្ខណៈល្អប្រសើរហើយ ។ ចំពោះមន្រ្តី ពិតហើយថាមិនទាន់បានល្អទាំងអស់ តែរដ្ឋាភិបាលយើងកំពុងតែរកដំណោះស្រាយ មិនឲ្យត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់នោះទេ ដូចជាបាន ដាក់អភិក្រមបួន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ។ ដូច្នេះ សូមបងប្អូន កុំឲ្យខឹងគោ វាយរទេះ អ្នកធ្វើ មិនងាយស្រួលដូចអ្នកថានោះទេ ។
បន្ទាប់មក ឯកឧត្តម វេង សាខុន បានថ្លែងក្នុងពិធីនេះដែរថា៖ សម័យប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាពលរដ្ឋត្រូវបានជម្លាសចេញពីទីក្រុង និងទីប្រជុំ ឲ្យទៅរស់នៅទីជនបទដាច់ស្រយ៉ាល និងធ្វើការគ្មានថ្ងៃឈប់សម្រាក ហូបចុកមិនគ្រប់គ្រាន់ ព្រាត់ប្រាស់បងប្អូន ក្រុមគ្រួសារ ។ តែបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យ ទំាងហេដ្ឋរចនាសម្ព័ន្ធ រូបបវ័ន្ត ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ជាដើម ។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ មានការយកចិត្តទុកដាក់ និងពង្រឹងលើវិស័យកសិកម្ម ជាពិសេសវិស័យព្រៃឈើ តាមរយៈក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាភ្នាក់ងារសំខាន់ ក្នុងការរកធនធានថវិកា ជួយអភិវឌ្ឍន៍ដល់សហគមន៍ព្រៃឈើទូទំាងប្រទេស ឲ្យមានការរីកចម្រើន ដូចជា ដាំដើមឈើបន្ថែម អភិរក្សព្រៃឈើដែលនៅសេសសល់ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចិញ្ចឹមសត្វ ដាំដំណាំ បន្លែ និងជំនាញផ្សេងៗ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ ចេះស្រលាញ់ និងការពារព្រៃឈើ ដើម្បីអាចទាញជាប្រយោជន៍ដល់បងប្អូនក្នុងតំបន់ អាចអាស្រ័យផល ជាពិសេព្រៃឈើ អាចបង្កើតជាតំបន់ សហគមន៍ទេសចរណ៍ ធម្មជាតិ ដែលអាច ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា ដើម្បីជួយបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ឲ្យមានជីវភាពកាន់តែប្រសើរឡើង ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយ ក្នុងកំឡុងឆ្នាំ២០៣០ ប្រជាពលរដ្ឋខ្មែរ អាចរកប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុង១នាក់ ចាប់ពី $៤,០០០-$១២,០០០ ក្នុងមួយឆ្នាំ ។ យើងមានថ្ងៃនេះ ក៏ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ចុងបញ្ចប់ ឯកឧត្តម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ សូមជួយថែរក្សា ការពារព្រៃសហគមន៍នេះ និងថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ជាពិសេស កុំភ្លេចទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី០៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ដែលខ្លួនពេញចិត្ត និងបន្តដឹកនាំប្រកបដោយសុខសន្តិភាពជាដ៏រាប ៕