នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកប័ណ្ណកម្មសិទ្ធដីធ្លី ចំនួន ៦.០៤២ក្បាលដី នៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ មេឃុំ លោកតា លោកយាយ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ផងដែរ ។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ធ្វើសេចក្តីរាយការណ៍ពីទីតំាងភូមិសាស្ត្រ ភាពរីកចម្រើន និងផលប៉ះពាល់ដោយគ្រោះដោយធម្មជាតិ របស់ស្រុកកំពង់ស្វាយ និងប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធដីធ្លី មានចំនួន ពីរភូមិ គឺភូមិឥន្ទកុមារ ចំនួន ២.៦១៧ក្បាលដី និងភូមិត្នោត ចំនួន ៣.៤២៥ក្បាលដី ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សុខ លូ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា៖ ដូចដែលយើងបានជ្រាបហើយថា នៅក្រោយឆ្នាំ១៩៧៩ ដីរបស់ប្រជាជនមិនទាន់មានប័ណ្ណកម្មសិទ្ធដីធ្លីនោះទេ ហើយផ្ទៃដីបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ សំបូរទៅដោយគ្រាប់មីនជាកត្តាប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លំាង។ តែជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានដោះស្រាយជាជំហ៊ានៗ ចាប់ផ្តើមពីបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរហូតដល់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ ពិតជាមានសារៈសំខាន់ណាស់ព្រោះ ទីមួយវាជាភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលជូនប្រជាជនក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ទីពីរអ្វីដែលប្រជាជនចង់បាន គឺភាពជាម្ចាស់ពិតប្រាកដនៃដីរបស់ពួកគាត់ ជាពិសេសភាពជាម្ចាស់លើផ្ទៃដីបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋអាចបង្កបង្កើនផល ស្រូវប្រាំង និងស្រូវវស្សា ដែលជាវិស័យសេដ្ឋកិច្ចមួយដ៏ធំ ដែលរាជរដ្ឋាភិបាលកំពុងធ្វើការ យកចិត្តទុកដាក់ ទាំងបរិមាណនាំចេញ និងគុណភាពអង្កផងដែរ។
ឯកឧត្តមបានបន្ថែមថា «ការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ ក៏ជាសកម្មភាពលើកទឹកចិត្តដល់ប្រជាពលរដ្ឋសម្រាប់បង្ករបង្កើនផលកសិកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង»។
ជាចុងបញ្ចប់ឯកឧត្តម ផ្តាំផ្ញើរ សូមឲ្យបងប្អូនថែរក្សាប័ណ្ណកម្មសិទ្ធដីធ្លីនេះឲ្យបានគង់វង្ស ព្រោះវាជាទ្រព្យដ៏មានតម្លៃសម្រាប់ថ្ងៃក្រោយ ហើយកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សូមបងប្អូនជ្រើសរើសគណបក្សណាដែលបងប្អូនពេញចិត្ត ជាពិសេស គឺជ្រើសរើស មេឃុំ ចៅសង្កាត់ ដែលបងប្អូនមើលឃើញជាក់ស្តែង ដែលនាំមកនូវការអភិវឌ្ឍន៍ពិត សន្តិភាពពិត ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបន្តដឹកនាំ និងរក្សាសុខសន្តិភាពបន្តទៀត។