នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋខេបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
អង្គប្រជុំបានដាក់ជូននូវរបៀបវារៈចំនួន បី គឺ៖
១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី ៣៦ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០១៧
៣. ផ្សេងៗ។
បន្ទាប់ពីដាក់ជូន នូវរបៀបវារៈខាងលើ ដើម្បីធ្វើការពិភាក្សារួចមក អង្គប្រជុំបានអនុម័តលើរបៀបវារៈចំនួន ២ ដោយមានការកែសម្រួល និងបំពេញបន្ថែម លើចំនុចមួយចំនួនក្នុងរបាយការណ៍ តាមសំណូមពររបស់សមាជិកក្រុមប្រឹក្សាខេត្ត ។
ជាបន្តមកទៀត ឯកឧត្តម ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ការរស់នៅរបស់ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដែលយើងជាថ្នាក់ដឹកនាំត្រូវតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់។ ការផ្តល់សេវាសាធារណៈគឺជាបញ្ហាដែលប្រជាពលរដ្ឋត្រូវការបំផុត ទាំងភាពរហ័ស ទាន់ពេល យកចិត្តទុកដាក់ មិនខ្ជីខ្ជា មិនព្រងើយកន្តើយ និងយកកម្រៃជើងសារជាដើម ។ លើសពីនេះទៅទៀត ការផ្តល់សេវាអគ្គិសនី និងទឹកស្អាតក៏មានសារៈសំខាន់ផងដែរ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ រីឯចំណីអាហារវិញ ត្រូវមានការចុះត្រួតពិនិត្យ នៅតាមទីផ្សារ អំពីកាលបរិច្ឆេទប្រើប្រាស់ និងគុណភាពរបស់ផលិតផល ដូចជាការពិនិត្យលើសារធាតុគីមីក្នុងម្ហូប ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ។ ការរស់នៅប្រកបដោយសេចក្តីសុខ ទាំងផ្លូវកាយ និងចិត្ត រួមទាំងកម្រិតជីវភាពដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ច ប្រទេសជាតិ និងជាសូចនាករ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំឲ្យស្ថិតនៅបន្តទៀត ៕